ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ បានជួយសម្រួលដល់ការធ្វើដំណើរ ជំរុញកំណើនសេដ្ឋកិច្ច និងការរីកចម្រើនថែមទៀត
(កណ្ដាល)៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ គឺមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងជួយជំរុញសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាការជួយជំរុញ ដល់ការរីកចម្រើន ដែលត្រូវតភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀត ។ នេះជាការគូសបញ្ជាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោង “ទីក្រុងមេគង្គ ឃី” ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធមានផ្លូវថ្នល់ ពិសេស ស្ពាន គឺជាការតភ្ជាប់ប្រជាជន, សេដ្ឋកិច្ច និងតំបន់មួយទៅតំបន់មួយ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។ ជាឧទាហរណ៍ជាក់ស្តែង យើងបានឃើញហើយថា ទន្លេមេគង្គ មុខបួន ត្រើយខាងលិច សុទ្ធតែអគារ ជ្រោយចង្វារ ព្រែកព្នៅ តែដោយឡែកអរិយក្សត្រមិនទាន់អភិវឌ្ឍច្រើន ក៏ប៉ុន្តែអនាគត គឺនឹងរីកដូចគ្នាទៅនឹងទិសខាងលិចដែរ ។
សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោយពីស្ពាន មិត្តភាពកម្ពុជា-កូរ៉េ សាងសង់រួច សកម្មភាពមនុស្ស សេដ្ឋកិច្ច នៅអរិយក្សត្រ នឹងកើនឡើង និងចរន្តនៃការស្នាក់នៅរបស់ប្រជាជនក៏មានការកើនឡើងផងដែរ។ ដូចនេះ សក្កានុពលនៃការតភ្ជាប់នេះ នឹងនាំការរីកចម្រើនបន្ថែមទៀតនៅផ្នែកខាងកើត និងតំបន់ដែលពាក់ព័ន្ធផងដែរ។
ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងថា ការរៀបចំទីក្រុងទំនើប គឺត្រូវការតភ្ជាប់សសៃឈាមធ្វើដំណើរ ឱ្យបានច្រើន គឺតភ្ជាប់ផ្លូវ ស្ពានលើទឹក និងក្រោមទឹក ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ និងសេដ្ឋកិច្ច ។ សម្តេច បង្ហើបថា មុននេះ ឃើញមានការសិក្សា នៃការតភ្ជាប់ពីខាងកោះនរា ទៅខាងរាជធានីភ្នំពេញបន្ថែម ហើយសម្ដេច បានឱ្យវិស័យឯកជន សិក្សាមើល តភ្ជាប់ រវាងក្រុងរណបថ្មី នៅអរិយក្សត្រ ភ្ជាប់ទៅកោះនរា សិក្សាពីជម្រើសទាំងស្ពាននៅខាងលើទឹក ទាំងផ្លូវក្រោមទឹក ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការឱ្យសិក្សាតភ្ជាប់ស្ពាន ទាំងលើផ្ទៃទឹក និងផ្លូវក្រោមទឹក ចេញពីទីក្រុងរណបមេគង្គឃី ស្ថិតក្នុងក្រុងអរិយក្សត្រ គឺដើម្បីធ្វើយ៉ាងណា ភ្ជាប់បើកច្រកប្រជាពលរដ្ឋរស់នៅ ទីក្រុងរណបមេគង្គឃី ថ្ងៃក្រោយ អាចធ្វើដំណើរឆ្លងកាត់ ទៅផ្លូវជាតិលេខ១ ដោយមិនចាំបាច់ចំណាយពេល ធ្វើដំណើរវាងទៅតាមផ្លូវណាឆ្ងាយជាដើម ឬមួយឡើងពីកោះនរា ទៅកាន់ទីក្រុងកោះពេជ្រ ក៏កាន់តែល្អ ដែលជួួសម្រួលក្នុងការធ្វើដំណើរចេញ ចូល របស់ប្រជាពលរដ្ឋ ។ សម្តេច បញ្ជាក់ថា ប្រសិនបើមានផ្លូវក្រោមទឹក គឺកាន់តែល្អ ហើយនឹងសង្ឃឹមថា ថ្ងៃអនាគត ផ្លូវក្រោមទឹកនេះ នឹងលេចចេញជារូបរាង ក្នុងពេលឆាប់ៗ ។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រផ្ការីករបស់រាជរដ្ឋាភិបាល គឺជាការដាំគ្រាប់ផ្កា នៃការអភិវឌ្ឍ ហើយការអភិវឌ្ឍនៅតំបន់អរិយក្រត្សនេះ សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គម-សេដ្ឋកិច្ច ព្រោះថា ផ្ការីកនៃសន្តិភាព សុខដុមនីយកម្ម និងភាពរីកចម្រើននៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
សម្ដេចបន្តថា ដូចនេះ យើងទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សា សុខសន្តិភាព ដែលជាកត្តាសំខាន់បំផុតសម្រាប់ជីវិត ការអភិវឌ្ឍ និងដង្ហើមនៃសង្គមជាតិ ដោយប្រែក្លាយ នូវអ្វីដែលគេធ្លាប់តែថា សន្តិភាពកម្ពុជា មានប្រវត្តិត្រឹមមួយចម្អិនកំពឹស ទៅជាសន្តិភាព ដែលស្ថិតស្ថិររាប់រយឆ្នាំ ទៅមុខទៀត បេីទោះបីជាសន្តិភាព រយៈពេល២៦ឆ្នាំកន្លងមកនេះ គឺជាពេលវេលាដែលមានសន្តិភាពយូរជាងគេ ក្នងរយៈពេល ៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្រ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ