ក្រសួងវប្បធម៌នឹងរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ចាប់ពីថ្ងៃទី១៩-២២ ខែធ្នូ
ភ្នំពេញ៖ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែធ្នូ ឆ្នាំ២០២៤ក្រោមប្រធានបទ៖ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត»នៅបរិវេណមុខសួនច្បារសាលាបុរីកោះពេជ្រ រាជធានីភ្នំពេញ។នេះបើយោងតាមការបញ្ជាក់របស់គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា។
ព្រឹត្តិការណ៍នេះដើម្បីជំរុញការអានសៀវភៅ អភិវឌ្ឍន៍ចំណេះដឹង និងបង្កើនគំនិតសម្រាប់ការសិក្សា។គណៈកម្មការពិព័រណ៍សៀវភៅកម្ពុជា បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានកាលពីសប្ដាហ៍កន្លងទៅថា ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ មានគោលដៅដូចតទៅ៖១- ជួយផ្សព្វផ្សាយការបោះពុម្ពសៀវភៅគ្រប់ប្រភេទ (ទាំងស្នាដៃអ្នកនិពន្ធចាស់ថ្មី) ដើម្បីឱ្យមានទីផ្សារទាំងក្នុងនិងក្រៅប្រទេស។២- ជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅហើយជាសារមួយបញ្ជូនទៅដល់យុវជនឱ្យស្គាល់ពីគុណតម្លៃនៃការអានដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងបង្កើនគំនិតសម្រាប់ ការសិក្សានិងការងារ។៣- បង្កើនកម្មវិធីនិទានរឿងនិងគូរគំនូររូបភាពផ្សេងៗដល់កុមារដើម្បីបណ្តុះទឹកចិត្តកុមារឱ្យស្រលាញ់និងចូលចិត្តសៀវភៅតាំងពីនៅតូចៗ។៤- គាំទ្រឧស្សាហកម្មបោះពុម្ពផ្សាយនៅកម្ពុជានិងនៅក្នុងពិភពលោក៥- លើកទឹកចិត្តកវីនិពន្ធ អ្នកនិពន្ធ អ្នកស្រាវជ្រាវ វិចិត្រករខ្មែរ ដើម្បីបង្កើតស្នាដៃថ្មីៗបន្ថែមទៀត។
គណៈកម្មការរៀបចំព្រឹត្តិការណ៍មានសុទិដ្ឋិថា កម្មវិធីពិព័រណ៍សៀវភៅនេះ បាន ក្លាយជាព្រឹត្តិការណ៍វប្បធម៌មួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយនិងជំរុញលើកទឹកចិត្តឱ្យប្រជាជនខ្មែរ មានទម្លាប់ក្នុងការអានសៀវភៅ និងស្គាល់ពីគុណតម្លៃនៃការអានដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងការងារ។
ក្នុងពិព័រណ៍សៀវភៅកម្ពុជា ឆ្នាំ២០២៤ «១៩-២២ ធ្នូ ២០២៤» នេះដែរនឹងមានសកម្មភាពនានាមានដូចជា ការដាក់តាំងសៀវភៅដែលចូលរួមពី អ្នកនិពន្ធ គ្រឹះស្ថានបោះពុម្ពផ្សាយ និងបណ្ណាគារនានាក្នុងព្រះរាជាណាចក្រកម្ពុជា (សៀវភៅមួយចំនួននឹងដាក់លក់ក្នុងតម្លៃពិសេស) វេទិកាស្តីពីការបោះពុម្ពផ្សាយតាមប្រព័ន្ធអេឡិកត្រូនិក, ការធ្វើបទបង្ហាញនានាទាក់ទងទៅនឹងអក្សរសាស្ត្រ អក្សរសិល្ប៍ខ្មែរ និងវិទ្យាសាស្ត្រ ការនិពន្ធសៀវភៅទៅជាខ្សែភាពយន្ត និងការអភិវឌ្ឍជំនាញការអាន ការជួបពិភាក្សា និងការទទួលយកបទពិសោធពីអ្នកនិពន្ធល្បីៗ និងមានការចុះហត្ថលេខា ពីអ្នកនិពន្ធព្រមទាំងវិចិត្រករ, កម្មវិធីនិទានរឿង និងល្បែងសិក្សាសម្រាប់កុមារ, ការប្រគំតន្ត្រី និងសំណួរចម្លើយចាប់យករង្វាន់ផ្សេងៗ៕ដោយ៖មុនី
រូបថត ៖ គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា