ចេតិយស្នងការចុងក្រោយនៃប្រទេសបារាំងប្រចាំនៅកម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យត្រូវបានជួសជុលរួចរាល់
ភ្នំពេញ៖ ចេតិយដើម្បីឧទ្ទិសជូនលោក ហ្សង់ អ៊ែលដឺរេម៉ុង ស្នងការចុងក្រោយនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា ពោលគឺមុនសម័យកាលដែលប្រទេសកម្ពុជាទទួលឯករាជ្យត្រូវបានជួសជុលឡើងវិញដូចទម្រង់ដើមរួចរាល់។ចេតិយមានប្រវត្តិសាងសង់នៅឆ្នាំ១៩៥១ នេះស្ថិតនៅក្នុងបរិវេណនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះថា អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួសជុល និងអភិរក្សទម្រង់ដើមនៃចេតិយលោក ហ្សង់ អ៊ែលដឺរេម៉ុង។
ប្រភពដដែលរំលឹកពីប្រវត្តិចេតិយនេះថា ចេតិយនេះសាងសង់ឡើងនៅឆ្នាំ ១៩៥១ក្នុងបរិវេណនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីឧទ្ទិសជូនលោក ហ្សង់ អ៊ែលដឺរេម៉ុង ស្នងការចុងក្រោយនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា ពោលគឺមុនសម័យកាលដែលប្រទេសកម្ពុជាទទួលឯករាជ្យ។
ការងារអភិរក្សនិងជួសជុលនេះ បានចាប់ផ្តើមកាលពីខែកក្កដា ឆ្នាំ២០២៤ ហើយបានបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ ការងារនេះ ជាទម្រង់មួយ នៃកិច្ចការអភិរក្សចេតិយនាសតវត្សរ៍ទី២០ ដែលបានកសាងឡើងក្នុងសម័យអាណាព្យាបាលបារាំង។
ក្រសួងវប្បធម៌បញ្ជាក់ថា កិច្ចសហការលើការងារអភិរក្សនេះ គឺជាគម្រូមួយនៃកិច្ចសហការអន្តរក្រសួង និងស្ថាប័ន លើវិស័យសេដ្ឋកិច្ចនិងវប្បធម៌ ដែលកើតឡើងក្នុងបរិយាកាសនៃកិច្ចប្រឹងប្រែងធ្វើឲ្យបេតិកភណ្ឌអាចរក្សាបានយូរអង្វែង៕
ដោយ៖មុនី
រូបថតៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ