ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ដើម្បីឱ្យសំណង់ទទួលបាន គុណភាព សុវត្ថិភាព និងសោភ័ណភាពនោះ ត្រូវផ្តើមចេញពីការគិតគូរជាប្រព័ន្ធអេកូឡូស៊ី
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានគូសបញ្ជាក់ថា ដើម្បីឱ្យសំណង់ទទួលបាននូវគុណភាព សុវត្ថិភាព និងសោភ័ណភាពនោះ យើងត្រូវផ្តើមចេញពីការគិតគូរជាប្រព័ន្ធអេកូឡូស៊ី ។ ជាបឋម គឺត្រូវផ្តើមគិតពីការរៀបចំដែនដី និងនគរូបនីយកម្ម ដើម្បីឈានទៅកំណត់តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់លំនៅដ្ឋានរបស់ប្រជាជនកម្ពុជា ។
នេះជាប្រសាសន៍លើកឡើងក្នុងសាលាស្ដីពីគុណភាព សុវត្ថិភាពនិងសោភ័ណភាពសំណង់ជូនអ្នកប្រកបវិជ្ជាជីវៈ និងអ្នកប្រកបអាជីវកម្មក្នុងវិស័យសំណង់ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជួបប្រជុំគ្នានិងទទួលបានការឯកភាពរួមគ្នាទាក់ទិន នឹងវិស័យសំណង់ ដើម្បីធ្វើឲ្យសំណង់នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានគុណភាព សុវត្ថិភាពនិងសោភណ្ឌភាព ពីព្រោះដល់ពេលវេលាហើយ ដែលយើងត្រូវសម្រេចចិត្ត ដើម្បីជោគវាសនាអនាគតនៃវិស័យសំណង់ទាំងអស់គ្នា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា ចំពោះកិច្ចការនគរូបនីយកម្មនៃទីប្រជុំជន ចាំបាច់គឺត្រូវផ្តើមចេញពីការឯកភាពគ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ដៃគូសហការ អ្នកប្រកបវិជ្ជាជីវៈក្នុងអាជីពសំណង់ ជាមូលដ្ឋាន មុននឹងចាប់ផ្តើមគិតគូរពីការរៀបចំក្របខណ្ឌ ច្បាប់, បទដ្ឋានសំណង់, ការគ្រប់គ្រង និងយន្តការគ្រប់គ្រងសំណង់,ការបង្កើនគុណភាព និងការផ្តល់សេវាសាធាណៈ, ការធានានូវគុណភាព និងសុវត្ថិភាពសំណង់, ការប្រើប្រាស់បរិក្ខារ និងសំភារះសំណង់, ការតាមដាន និងគ្រប់គ្រងសំណង់ដែលមានស្ថានភាពគ្រោះថ្នាក់ ជាដើម ដែលទាំងអស់នោះ គឺដើម្បីសំដៅធានាឲ្យមាននិរន្តភាព សម្រាប់ដំណើរការឧស្សាហកម្មនានា ក្នុងគោលបំណងលើកស្ទួយស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា រួមមាន៖ ឧស្សាហកម្មគ្រឿងផ្គុំសំណង់, ឧស្សាហកម្មគ្រឿងលម្អផ្ទះ, ឧស្សាហកម្មគ្រឿងសង្ហារឹម, ឧស្សាហកម្មអចលនទ្រព្យ, ឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុក្នុងសង្គម ជាដើម ៕
ដោយ / គ្រី សម្បត្តិ