ឯកឧត្តម ប៊ុយ សុភ័ណ្ឌ៖ វគ្គសាមគ្គីអូឡាំពិកគ្រូបង្វឹកវាយកូនឃ្លីលើតុជាចំណែកផលិតធនធានថ្នាលឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ២០២៩
(ភ្នំពេញ)៖ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ តំណាងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើងថា វគ្គសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុកម្រិត១នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍកីឡាវាយកូនឃ្លីលើតុនៅកម្ពុជា និងអភិវឌ្ឍធនធានអត្តពលិកថ្នាលយុវជន ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។
នេះជាការលើកឡើងរបស់ឯកឧត្តម ប៊ុយ សុភ័ណ្ឌ នៅក្នុងឱកាសបិទវគ្គសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុកម្រិត១ នៅល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ក្រោមការចែករំលែកពីលោក TREVOR JAMES គ្រូឧទ្ទេសអន្តរជាតិ (ITTF) នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោយដំណើរការអស់រយៈពេល៩ថ្ងៃ។
ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានសង្កត់ធ្ងន់ថា ៖«វគ្គបណ្តុះបណ្តាលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកីឡាវាយកូនឃ្លីលើតុនៅកម្ពុជា ហើយខ្ញុំសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹង និងបច្ចេកទេសថ្មីៗ ដែលបានសិក្សាទៅប្រើប្រាស់ដើម្បីអភិវឌ្ឍធនធានអត្តពលិក ឈានឆ្ពោះទៅទទួលបានជោគជ័យសម្រាប់ការប្រកួតកីឡាកម្រិតជាតិ និងអន្តរជាតិ ជាពិសេសក្នុងការចូលរួមជាមួយសហព័ន្ធ ដើម្បីអភិវឌ្ឍធនធានអត្តពលិកយុវជន-ថ្នាល ត្រៀមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅព្រះរាជាណាចក្រកម្ពុជា»។
ជាមួយគ្នានេះតំណាងឯកឧត្តម វ៉ាត់ ចំរើន ក៏បានបង្ហាញក្តីរីករាយដោយបានចូលរួមជាអធិបតីក្នុងពិធីបិទ វគ្គសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុកម្រិត១ ក្រោមជំនួយឧបត្ថម្ភរបស់គម្រោងសាមគ្គីអូឡាំពិក នាពេលនេះ។ ក្រោយពីបានស្តាប់ការវាយតម្លៃរបស់លោកគ្រូឧទ្ទេសអន្តរជាតិរួចមក តាងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំយកចិត្តទុកដាក់របស់សិក្ខាកាមទាំងអស់ ក្នុងការស្រូបយកចំណេះដឹងថ្មីៗ ពីគ្រូឧទ្ទេសកម្រិតអន្តរជាតិរបស់ ITTF ពាក់ព័ន្ធនឹងគោលការណ៍គ្រឹះនៃការបង្វឹកកីឡាវាយកូនឃ្លីលើតុ។
ក្នុងនាមឯកឧត្តមជាអតីតថ្នាក់ដឹកនាំសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ១រូបបានបង្ហាញការកោតសរសើរចំពោះ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងគណៈកម្មាធិការប្រតិបត្តិ ចំពោះការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងឆន្ទៈខ្ពស់ ក្នុងការអភិវឌ្ឍកីឡាវាយកូនឃ្លីលើតុឱ្យក្លាយជាប្រភេទកីឡាដ៏មានសក្តានុពល និងប្រជាប្រិយភាពនៅកម្ពុជា។ បន្ថែមពីលើនេះ តាងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមបានថ្លែងអំណរគុណចំពោះលោក TREVOR JAMES ដែលបានដឹកនាំវគ្គសាមគ្គីអូឡាំពិក ស្តីពី គ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុកម្រិត១ ឱ្យទទួលបានជោគជ័យ នាពេលនេះ ៕
ដោយ ៖ ចាន់ វិចិត្រ