ដាក់ដំណើរការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បឹងធំ ក្រោយចំណាយទុនវិនិយោគជាង ១,៤លានដុល្លារ

(ភ្នំពេញ)៖ រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាត បឹងធំ ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាត បានក្នុងបរិមាណ ៦ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ នៅតំបន់ជាយក្រុង ដែលតែងជួបការលំបាក ខ្វះខាតទឹកស្អាតប្រើប្រាស់ និងបរិភោគ ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ក្រសួងតែងតែលើកទឹកចិត្ត ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញពង្រីកបណ្ដាញផ្គត់ផ្គង់ទឹកស្អាត ជូនទៅដល់ប្រជាពលរដ្ឋ នៅជាយរាជធានីភ្នំពេញ ដើម្បីរួមចំណែកសម្រេច គោលនយោបាយ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៩-២០២៣០។ គុណភាពទឹក ដែលចេញពីបំពង់ របស់រដ្ឋាករទឹក គឺពិសារ បានតែម្តង។

ឯកឧត្តម ហែម វណ្ណឌី បន្តថា “ការផ្គត់ផ្គង់នេះមិនត្រឹមតែឆ្លើយតបទៅ នឹងតម្រូវការប្រើប្រាស់ទឹកស្អាត ប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែក ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដល់ការពង្រីកមូលដ្ឋានឧស្សាហកម្ម អាជីវកម្ម និងសេវាកម្មគ្រប់វិស័យ ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។”

ឯកឧត្តម រដ្ឋមន្ត្រី បានរំលេចពីភាព ជាដៃគូដ៏រឹងមាំ រវាងកម្ពុជា និងជប៉ុន ក្នុងវិស័យទឹកស្អាត ដោយក្នុងនោះ មានគម្រោងចំនួន ៣១ ដែលបានអនុវត្តរួច និងកំពុងអនុវត្ត រួមមានទាំងគម្រោងកសាងសមត្ថភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគផ្សេងទៀត ក្នុងគោលដៅលើកកម្ពស់លទ្ធភាពទទួលបានសេវាទឹកស្អាតនៅទូទាំងប្រទេស ។

ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំនេះ អាចធ្វើការផ្គត់ផ្គង់ទឹកស្អាតបាន ១០០ភាគរយដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់បឹងធំ, សង្កាត់ប្រទះឡាង, សង្គាត់ភ្លើងឆេះរទះ, និងសង្កាត់ពងទឹក ក្នុងខណ្ឌកំបូល សរុបប្រមាណ ៣ពាន់គ្រួសារ។ ប្រវែងបណ្តាញចែកចាយទឹកមានប្រមាណ ៩១គីឡូម៉ែត្រ ខណៈប្រភពទឹកឆៅត្រូវបានទាញយកពីស្ទឹងព្រែកត្នោត ។

ឯកឧត្តម បានបន្តថា សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាចំនួនជាង ១លាន ៤៩ម៉ឺនដុល្លារអាមេរិក និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ។

ឯកឧត្តម បានថ្លែងថា តាមរយៈការសម្ពោធដាក់ឱ្យដំណើរការនូវសមិទ្ធផលនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងមានសមត្ថភាពផលិតទឹកស្អាតសរុបជាង ៩៨ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ និងប្រវែងបណ្តាញចែកចាយទឹកសរុប ៤.៨៧០ គីឡូម៉ែត្រ ដែលនឹងមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតប្រកប ដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ជូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅឆ្នាំ២០២៤ និងបានចូលរួមចំណែកធ្វើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចឈានទៅសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចរីភាព (SDGs) ដើម្បីធានាបាននូវទឹកស្អាត និងអនាម័យសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ១០០ភាគរយ ចាប់ពីឆ្នាំ២០៣០តទៅ ។

សូមបញ្ជាក់ថា រោងចក្រផលិតទឹកស្អាតបឹងធំ គឺជាសមិទ្ធផលទី២ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានធ្វើការសិក្សា និងសាងសង់ដោយខ្លួនឯង បន្ទាប់ពីរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត “មេ្លច” នៅខេត្តកំពត។ រោងចក្រថ្មីនេះផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាពស្របតាមស្តង់ដារគុណភាពទឹកស្អាតថ្នាក់ជាតិ និងស្តង់ដារគុណភាពទឹកស្អាតរបស់អង្គការសុខភាពពិភពលោក៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner