ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលកំពុងបន្តអភិវឌ្ឍ ឆ្ពោះទៅរកលទ្ធផលជាផ្លែផ្កា
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលកំពុងបន្តអភិវឌ្ឍ ឆ្ពោះទៅរកលទ្ធផលជាផ្លែផ្កា ជាពិសេសតាមរយៈការរៀបចំជាប្រចាំឆ្នាំនូវវេទិការដ្ឋ-ឯកជន ស្តីពី “ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន” ព្រមទាំងលើកទឹកចិត្តគាំទ្រឱ្យមានការរៀបចំវេទិកានេះក្នុងវិសាលភាពឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យមានការចូលរួមពីផ្នែក និងវិស័យពាក់ព័ន្ធកាន់តែច្រើន ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងបែបនេះ ខណៈទទួលជួបជាមួយ ឯកឧត្តម AMAKAWA Hirofumi អនុរដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ។
បន្ទាប់ពីបានលើកឡើងដោយសង្ខេបនូវលទ្ធផលការងារសំខាន់ៗ ដែលក្រសួងសម្រេចបានក្នុងរយៈពេលជាងមួយឆ្នាំរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្តបង្ហាញពីទិសដៅការងារអាទិភាពបន្ទាប់ រួមមាន ការរៀបចំដែនដី ដើម្បីកំណត់អោយបានជាក់លាក់នូវតំបន់អភិរក្ស តំបន់សម្រាប់អភិវឌ្ឍន៍ តំបន់ឧស្សាហកម្ម ព្រមទាំងតំបន់សម្រាប់ធ្វើកសិកម្ម សំដៅធានាឱ្យបាននូវសន្តិសុខស្បៀង សម្រាប់អ្នកបន្តវេននាពេលអនាគត ។ បន្ថែមលើនេះទៀត គឺការគិតគូរពីការរៀបចំតំបន់នានា ដែលមានសក្តានុពលសេដ្ឋកិច្ច សំដៅបង្កើតទីផ្សារនិងឱកាសការងារជូនប្រជាជន ដើម្បីបង្កើនប្រាក់ចំណូល។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក៏បានលើកជាសំណើអោយភាគីជប៉ុនពិចារណាបន្តផ្តល់កិច្ចសហការជួយជំរុញវិស័យហិរញ្ញវត្ថុ មានជាអាទិ៍ការផ្តល់ឥណទានសម្រាប់លំនៅដ្ឋានសម្រាប់ប្រជាពលរដ្ឋ អោយមានគេហដ្ឋានសមរម្យ ដែលនេះគឺជាការគំនិតផ្តួចផ្តើមប្រកបដោយការយកចិត្តទុកដាក់ស្របតាមទស្សនវិស័យអាទិភាព របស់សម្តេចមហាបរវធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ជាការឆ្លើយតប ឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានសម្តែងនូវមនោសញ្ចេតនាសាទរយ៉ាងកក់ក្តៅ ព្រមទាំងកោតសរសើរនូវលទ្ធផលការងារសំខាន់ៗដែលក្រសួងសម្រេចបានក្នុងរយៈពេលជាងមួយឆ្នាំនេះ។
ឯកឧត្តមអនុរដ្ឋមន្ត្រី នឹងបន្តយកសំណើរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជម្រាបជូនថ្នាក់ដឹកនាំក្រសួង និងរដ្ឋាភិបាលភិបាលជប៉ុនផងដែរ។
សង្ខេបអំពីលទ្ធផលជាផ្លែផ្កាតាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៅក្នុងវិស័យដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនោះរួមមាន៖
(១). វេទិការដ្ឋ-ឯកជន កម្ពុជា-ជប៉ុន ស្តីពីការអភិវឌ្ឍនគរូបនីយកម្ម ត្រូវបានរៀបចំ ចំនួន ៥លើក ក្នុងក្របខ័ណ្ឌលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ជាពិសេសគឺកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
(២). ការងាររៀបចំដែនដីនិងនគរូបនីយកម្ម៖ ចូលរួមសហការគាំទ្រការអនុវត្តគម្រោងទីក្រុងឆ្លាតក្របខ័ណ្ឌអាស៊ាន និងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រចាំឆ្នាំ នៃបណ្តាញទីក្រុងឆ្លាត អាស៊ាន-ជប៉ុន, ការកសាងផែនការរៀបចំដែនដីនិងនគរូបនីយកម្ម, ការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំដែនដី និងនគរូបនីយកម្ម,ការអនុវត្តគម្រោងរៀបចំទីក្រុងគំរូ 3D (PLATEAU City 3D Model), ថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់នូវជំនួយឥតសំណងដែលមានទឹកប្រាក់ ៧លានដុល្លារអាមេរិក ដើម្បីគាំទ្រលើការធ្វើទំនើបកម្មវិស័យនគរូបនីយកម្មកម្ពុជា ដែលគ្រោងនឹងចុះហត្ថលេខាលើលិខិតប្តូរសារនាពេលខាងមុខនេះ។
(៣). ការងារសំណង់៖ ច្បាប់ស្តីពីសំណង់ត្រូវបានអនុម័ត និងប្រកាសដាក់ឲ្យប្រើប្រាស់ ក្នុងនោះ អនុក្រឹត្យ និងប្រកាសពាក់ព័ន្ធនឹងការអនុវត្តច្បាប់នេះ ត្រូវបានអនុម័តជាបន្តបន្ទាប់, មន្ទីរពិសោធន៍ជាតិសំណង់ និងសម្ភារសំណង់ ចំនួន ១៧មុខ ទំហំថវិកា ២,៣លានដុល្លារអាមេរិក ត្រូវបានដាក់ឲ្យដំណើរការ។
(៤). ការងារលំនៅឋាន៖ បានសហការបណ្តុះបណ្តាល គោលនយាបាយ និងបទដ្ឋានគតិយុត្តិ។
(៥). ការងារសុរិយោដីនិងភូមិសាស្ត្រ៖ បានសហការលើការបណ្តុះបណ្តាល និងទទួលបានការគាំទ្រគម្រោងអភិវឌ្ឍស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប (CORS) ពីអង្គការ JICA ព្រមទាំងជាឧបករណ៍វាស់វែង (GNSS Receiver)។ គម្រោងកសាងស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ដើរដោយផ្កាយរណប CORS ៩៤ ទីតាំងបន្ថែមទៀតទូទាំងប្រទេស ទំហំថវិកា ៩,៧លាន នៅឆ្នាំ២០២៣។
(៦). ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទីក្រុងឆ្លាតអាស៊ាន៖ បាននិងកំពុងជំរុញសហការគាំទ្រការអនុវត្តគម្រោងទីក្រុងឆ្លាតក្របខ័ណ្ឌអាស៊ាន រួមមាននៅរាជធានីភ្នំពេញ, ក្រុងសៀមរាប, ក្រុងបាត់ដំបង, និងក្រុងព្រះសីហនុ៕
ដោយ / គ្រី សម្បត្តិ