សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា អាចបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព ទៅក្រៅប្រទេស តែក្នុងលក្ខខណ្ឌក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិប៉ុណ្ណោះ

(ភ្នំពេញ)៖ កម្ពុជា អាចបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព រួមទាំងអ្នកដោះមីន ទៅក្រៅប្រទេស តែក្នុងលក្ខខណ្ឌក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិប៉ុណ្ណោះ ។ នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម អូឡេកសាន់ឌឺ ហ្កាម៉ាន (Oleksandr Gaman) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអ៊ុយក្រែន ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។

សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍ ឯកឧត្តម Oleksandr Gaman ឯកអគ្គរដ្ឋទូតវិសាមញ្ញ នៃប្រទេសអ៊ុយក្រែន ដែលបានអញ្ជើញចូលជួបសម្ដែងការគួរសម។ សម្តេចតេជោ បានសម្តែងការសោកស្តាយចំពោះសោកនាដកម្ម និងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមដែលបានកើតឡើងនៅអ៊ុយក្រែន ក្នុងរយៈកាល ៣ឆ្នាំកន្លងទៅនេះ។ កម្ពុជាស្គាល់ច្បាស់ផលលំបាក ទុក្ខវេទនា និងរសជាតិសង្រ្គាម ហើយ សម្តេច ដឹងយ៉ាងប្រាកដថា “មិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបានទេ”។

សម្តេចតេជោ ក៏បានបន្តថា សម្តេច បានលះបង់អំណាចពេលដែល សម្តេច នៅមានកម្លាំង និងមានប្រជាប្រិយភាពខ្ពស់បំផុត ដើម្បីប្តូរនឹងសុខសន្តិភាព និង ស្ថិរភាពរយៈពេលវែងសម្រាប់កម្ពុជា។

ឯកឧត្តម Oleksandr Gaman បានថ្លែងអំណរគុណ សម្តេចតេជោ និងសម្តែងនូវក្តីរីករាយដែលបានជួប សម្តេច សាជាថ្មី បន្ទាប់ពីជំនួបនៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២។

ឯកឧត្តម បានថ្លែងអំណរគុណ សម្តេច ដែល ប្រទេសកម្ពុជាកន្លងមក មានគោលជំហរជ្រើសយកច្បាប់អន្តរជាតិប្រឆាំងនឹងការឈ្លានពានរុស្ស៊ី និងសមានចិត្តចំពោះប្រទេសអ៊ុយក្រែន តាមរយៈការគាំទ្រនានាជាបន្តបន្ទាប់។ ឯកឧត្តម ក៏បានជម្រាបជូន សម្តេចពីកិច្ចប្រជុំកំពូលលើកទី១ស្តីពីសន្តិភាពនៅអ៊ុយក្រែន នៅប្រទេសស្វីស កាលពីខែមិថុនា ឆ្នាំ២០២៤ និងបច្ចុប្បន្នភាព នៃស្ថានភាពដ៏លំបាកលំបិនដែលអ៊ុយក្រែនកំពុងជួបប្រទះផងដែរ ។

ឯកឧត្តម Oleksandr Gaman បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះកម្ពុជា ដែលបានជួយបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន ជាច្រើនលើក ។ ឯកឧត្តម បានបញ្ជាក់ថា អ៊ុយក្រែន អាចនឹងប្រើពេលប្រមាណ ១០០ឆ្នាំ ក្នុងការបោសសម្អាតមីនទូទាំងប្រទេស ប្រសិនបើគ្មានការចូលរួមគាំទ្រពីសហគមន៍អន្តរជាតិ រួមទាំង កម្ពុជា ។

ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា ជំនួបថ្នាក់ដឹកនាំរបស់អ៊ុយក្រែន និងថ្នាក់ដឹកនាំកម្ពុជា ជាពិសេសជាមួយ សម្តេចតេជោ នាពេលកន្លងមក សបញ្ជាក់ឱ្យឃើញអំពីទំនាក់ទំនងល្អនៃប្រទេសយើងទាំងពីរ។ ឆ្លៀតក្នុងជំនួបនេះ ឯកឧត្តម សូមពាំនាំការអញ្ជើញរបស់ ឯកឧត្តមប្រធានាធិបតី និងឯកឧត្តមប្រធានរដ្ឋសភាអ៊ុយក្រែន ចំពោះ សម្តេចតេជោ ដើម្បីទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន បន្ទាប់ពីសម្តេចបានអញ្ជើញទៅអ៊ុយក្រែនកាលពីឆ្នាំ១៩៨១។

ជាកិច្ចឆ្លើយតប សម្តេចតេជោ បានអរគុណ ឯកឧត្តម Oleksandr Gaman ចំពោះការវាយតម្លៃរបស់ ឯកឧត្តមអំពីស្ថានការណ៍បច្ចុប្បន្ននៅអ៊ុយក្រែន។ កម្ពុជាយល់ច្បាស់ពីសង្គ្រាម ហើយ វាមិនមែនជាការចៃដន្យនោះទេ ដែលកម្ពុជាជ្រើសយកការគោរពតាមច្បាប់អន្តរជាតិ ដើម្បីរក្សាបានសុខសន្តិភាព ហើយ ជំហរនេះ កម្ពុជានឹងមិនផ្លាល់ប្តូរនោះឡើយ។ កម្ពុជានឹងបន្តយន្តការគាំទ្រ និងបណ្តុះបណ្តាលអ្នកដោះមីន ដោយសហការជាមួយប្រទេសជប៉ុន។ សម្តេចបានរំលឹកថា សម្តេច បានឆ្លើយតបទៅនឹង ឯកឧត្តម ប្រធានសភាអ៊ុយក្រែនថា កម្ពុជាអាចបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព (រួមទាំង អ្នកដោះមីន) ទៅក្រៅប្រទេស តែក្នុងលក្ខខណ្ឌក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិប៉ុណ្ណោះ។

ក្នុងឋានៈជាមេដឹកនាំកម្ពុជានិងប្រធានអាស៊ាន នាពេលកន្លងមក សម្តេចតេជោ បានបន្តចែករំលែកជាមួយនឹង ឯកឧត្តម Oleksandr Gaman នូវបទពិសោធ និងទស្សនៈរបស់សម្តេច លើអភិក្រម យុទ្ធសាស្ត្រគ្រប់គ្រងស្ថានការណ៍សង្គ្រាម និង យុទ្ធសាស្ត្រនៃកិច្ចការចរចាស្វែងរកសន្តិភាពជូនកម្ពុជា ដោយគូសបញ្ជាក់ថា រាល់ការចរចាសន្តិភាព ដែលទទួលបានជោគជ័យ ត្រូវតែមានការចូលរួមពីភាគីជម្លោះពាក់ព័ន្ធ ហើយត្រូវចាប់ពីតូចទៅធំ។

សម្តេច បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន នៅក្នុងការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ហើយ សូមទទួលយកការអញ្ជើញទៅទស្សនកិច្ចនៅអ៊ុយក្រែន នាពេលវេលាសមស្របខាងមុខ បន្ទាប់ពីទស្សនកិច្ចរបស់សម្តេច នៅទីក្រុង គៀវ នៅឆ្នាំ១៩៨១។ ជាថ្មីម្តងទៀត ឯកឧត្តម Oleksandr Gaman បានថ្លែងអំណរគុណ សម្តេចតេជោ និងកម្ពុជា ចំពោះជំហរជាពេលកន្លងមក និងរង់ចាំទទួលទស្សនកិច្ច សម្តេចតេជោ នាពេលខាងមុខនៅអ៊ុយក្រែន។

សម្តេចតេជោ បានស្នើ ឯកឧត្តម Oleksandr Gaman ពាំនាំនូវការសួរសុខទុក្ខរបស់សម្តេចជូនឯកឧត្តម ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង ប្រធានសភាអ៊ុយក្រែន និង ជូនពរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យ ក្នុងបេសកកម្ម និងកិច្ចសហប្រតិបត្តិការ នៃប្រទេសយើងទាំងពីរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner