ច្បាប់ថ្មីនៅវៀតណាម ម៉ូតូឆ្នាំ២០២០ត្រូវធ្វើតេស្តការបំភាយឧស្ម័ន
ហាណូយ ៖ យោងតាមបទប្បញ្ញត្តិថ្មី នៅប្រទេសវៀតណាម ចាប់ពីខែក្រោយទៅ ម៉ូតូដែលមានអាយុកាល ចាប់ពី៥ឆ្នាំ ឬ ផលិតនៅឆ្នាំ២០២០ ចុះក្រោម នឹងត្រូវមានកាតព្វកិច្ច ឲ្យគេធ្វើតេស្តកម្រិតនៃការបំភាយឧស្ម័នពុល នៅឯមជ្ឈមណ្ឌលចុះបញ្ជីយានយន្ត។
កាសែត VNexpress បានចេញផ្សាយ នៅថ្ងៃអង្គារនេះថា ខណៈដែលក្រសួងដឹកជញ្ជូនចាត់ទុកម៉ូតូ ជាប្រភពបំពុលដ៏ធំបំផុតនៅវៀតណាមនោះ
យានជំនិះប្រភេទនេះ ដែលមានអាយុកាល ចាប់ពី ៥ ទៅ ១២ ឆ្នាំ គិតចាប់ពីថ្ងៃផលិត ត្រូវតែធ្វើតេស្ត រៀងរាល់ ពីរឆ្នាំម្តង បើតាមបទប្បញ្ញត្តិ ដែលនឹងចូលជាធរមាន នៅថ្ងៃទី ១ ខែមករា។
បើតាមក្រសួងដឹកជញ្ជូន បានឲ្យដឹងថា វៀតណាមមានម៉ូតូចុះបញ្ជីចំនួន ៧៤ លានគ្រឿង ហើយប្រមាណ ៤៥ លានគ្រឿង កំពុងធ្វើដំណើរលើដងផ្លូវ ជារៀងរាល់ថ្ងៃ។
យ៉ាងណាក៏ដោយ មជ្ឈមណ្ឌលចុះបញ្ជីយានយន្តមិនទាន់អាចផ្តល់កាលបរិច្ឆេទជាក់លាក់ នៃការចាប់ផ្តើមនៅឡើយទេ។ ជាការកត់សម្គាល់ ក្នុងឆ្នាំ២០១០ រដ្ឋាភិបាលធ្លាប់បានណែនាំក្រសួង ឱ្យរៀបចំផែនការគ្រប់គ្រងការបំភាយឧស្ម័នបង្កឡើងដោយម៉ូតូ ហើយចង់ឱ្យទីក្រុងហាណូយ និងទីក្រុងហូជីមិញ សាកល្បង យ៉ាងហោចណាស់ ៨០% នៃម៉ូតូទាំងអស់ ត្រឹមឆ្នាំ២០១៥ ។ ប៉ុន្តែ សំណើនេះមិនត្រូវបានអនុវត្ត នៅឡើយទេ។ បើតាមបទបញ្ញត្តិថ្មីនេះ រថយន្តដែលមានអាយុលើសពី ១២ ឆ្នាំឡើង ក៏ត្រូវតែធ្វើតេស្តការបំភាយឧស្ម័នដែរ គឺធ្វើជារៀងរាល់ឆ្នាំ នេះបើតាម VNexpress ដដែល៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត