ទិដ្ឋភាពពណ៌«ស»នៅបុណ្យណូអែលប្រឈមបាត់បង់ ព្រោះការឡើងកម្តៅខ្លាំង
បរទេស៖ នៅថ្ងៃអង្គារនេះ របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវ ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក Climate Central បានព្រមានថា បុណ្យណូអែលនៅអឺរ៉ុប ប្រឈមនឹងលែងមានទិដ្ឋភាពគ្របដណ្តប់ទៅដោយពណ៌ «ស» ដូចរាល់ដងទៀតហើយ ខណៈដែលអឌ្ឍគោលខាងជើង មានព្រិលធ្លាក់តិច ទោះបីជារដូវរងារ ក៏ដោយ។ នេះគឺព្រោះតែការប្រែប្រួលអាកាសធាតុ ដែលបានបណ្តាលឲ្យអឺរ៉ុប ឡើងកំដៅ លឿនបំផុត។
ការវិភាគរបស់របាយការណ៍នេះ គឺផ្អែកលើសីតុណ្ហភាពអប្បបរមា ប្រចាំថ្ងៃនៅអឌ្ឍគោលខាងជើង ចន្លោះពីខែធ្នូ ដល់ខែកុម្ភៈ ដោយផ្តើមសិក្សាចាប់ ពីឆ្នាំ២០១៤ ដល់ ឆ្នាំ២០២៣។
របាយការណ៍បង្ហាញថា ការឡើងកំដៅលឿនបំផុត
ដែលជំរុញដោយការដុតបំផ្លាញឥន្ធនៈហ្វូស៊ីល ដ៏ច្រើនសន្ធឹកសន្ធាប់ ពីសំណាក់មនុស្សជាតិ បានបណ្តាលឱ្យជាងមួយភាគបី នៃប្រទេសចំនួន ១២៣ និងជិតពាក់កណ្តាលនៃទីក្រុងចំនួន ៩០១ លែងមានសីតុណ្ហភាពត្រជាក់ក្រោមសូន្យដឺក្រេ ក្នុងពេលជាងមួយទសវត្សរ៍។
លោកស្រី Kristina Dahl អនុប្រធានផ្នែកវិទ្យាសាស្ត្រ របស់វិទ្យាស្ថាន Climate Central បាននិយាយថា «ព្រិល ទឹកកក និងសីតុណ្ហភាពត្រជាក់ ដែលធ្លាប់ជាសញ្ញាសម្គាល់នៃរដូវរងា កំពុងបាត់ទៅវិញយ៉ាងឆាប់រហ័ស នៅកន្លែងជាច្រើន ដែលគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ី សេដ្ឋកិច្ច និងប្រពៃណី វប្បធម៌»។
លោកស្រី Dahl បានបន្ថែមថា «ថ្ងៃរដូវរងាត្រជាក់ មានសារៈសំខាន់សម្រាប់ការទ្រទ្រង់ព្រិល និងទឹកកក សម្រាប់ការកម្សាន្ដ និងកីឡារដូវរងារ ព្រមទាំង ជាប្រភពទឹកសាបនិងការថែរក្សាវដ្តជីវិតរុក្ខជាតិ សត្វ និងសត្វល្អិត»។
ការសិក្សាក៏បានព្រមានផងដែរថា រដូវរងាកាន់តែក្តៅ ក៏អាចប៉ះពាល់ដល់វិស័យកសិកម្មផងដែរ ជាពិសេស ការដាំដុះផ្លែឈើ ដែលត្រូវការ រយៈពេលត្រជាក់យូរ ដូចជា ផ្លែប៉ោម និងផ្លែប៉ែស ជាដើម៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត