អាមេរិកបញ្ចេញនាវាដ្រូនគំរូទំនើបបំផុតក្នុងលោក

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានបញ្ចេញនាវាដ្រូនបើកក្រោមសមុទ្រគំរូដំបូងបង្អស់ក្នុងពិភពលោក ដែលត្រូវបានគេដាក់រហ័សនាមថា Manta Ray ហើយវាត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតសព្វាវុធការពារជាតិអាមេរិក Northrop Grumman។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Telegraph។

នាវាដ្រូនដ៏ទំនើប ដែលរចនារូបរាង និងដាក់ឈ្មោះយកគំរូតាមសត្វបបែលសមុទ្រនេះ ថតបានដោយផ្កាយរណប នៅពេលវាចូលចតនៅឯមូលដ្ឋានទ័ពជើងទឹក Port Hueneme ក្នុងរដ្ឋកាលីហ្វ័រញ៉ា។

យោងតាមក្រុមហ៊ុន Northrop Grumman បានបង្ហើបឱ្យដឹងថា នាវាដ្រូន Manta Ray នេះ មានប្រវែងជាង ១០ម៉ែត្រ អាចទម្លាក់ និងលើកយុថ្កាបានដោយខ្លួនឯង ហើយវាមានសមត្ថភាពធ្វើដំណើរក្នុងចម្ងាយជាង ១៦,០០០គីឡូម៉ែត្រ និងផ្ទុកទម្ងន់បានដល់ទៅ ១០តោន។

លោកស្រីឧត្តមនាវីឯក Lisa Franchetti ប្រធានប្រតិបត្តិការកងទ័ពជើងទឹកអាមេរិក បានប្រាប់សន្និសីទកាសែតមួយកាលពីដើមឆ្នាំនេះថា ប្រព័ន្ធគ្មានមនុស្សបើកមានសក្តានុពលដ៏ធំសម្បើម ក្នុងការបង្កើនកម្លាំងប្រយុទ្ធរបស់យើង។

មិនដូចនាវាដ្រូនបើកក្រោមសមុទ្ររបស់រុស្ស៊ីទេ នាវាដ្រូនអាមេរិកដែលកំពុងធ្វើតេស្តនាពេលនេះ មិនមានបំពាក់អាវុធទេ។
Manta Ray ទំនងជាប្រើផ្តោតសំខាន់លើការប្រមូលព័ត៌មាន, ស៊ើបការណ៍ និង រារាំងការគំរាមកំហែងដល់ហេដ្ឋារចនាសម្ព័ន្ធក្រោមសមុទ្រ។

វាគឺជាផ្នែកមួយនៃគម្រោងរបស់អាមេរិក ក្នុងការអភិវឌ្ឍន៍នាវាដ្រូនបើកក្រោមសមុទ្រ ដែលអាចស្ថិតនៅក្រោមរលកសមុទ្របានយូរ ដើម្បីរុករកនាវាមុជទឹករុស្ស៊ី ឬចិន។

វត្តមាននាវាដ្រូន Manta Ray នាពេលនេះ ត្រូវបានអ្នកវិភាគមើលឃើញថា បង្ហាញពីការរត់ប្រណាំងវិស័យការពារជាតិរវាងសហរដ្ឋអាមេរិក រុស្ស៊ី និងចិន ដើម្បីដណ្តើមជ័យជំនះក្នុងសង្រ្គាមក្រោមសមុទ្រ៕

ប្រភព ៖ The Telegraph ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner