តម្លៃ Bitcoin ស្ទុះឡើងខ្ពស់បំផុតថ្មីដល់ជាង ១០៦,០០០ដុល្លារ បំបែកកំណត់ត្រាចាស់
វ៉ាស៊ីនតោន ៖ Bitcoin ត្រូវបានគេស្គាល់ទូទៅថា ជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូធំបំផុតរបស់ពិភពលោក បានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតថ្មី និងបំបែកកំណត់ត្រាចាស់ ពោលគឺស្ទុះឡើងដល់ទៅជាង ៥០ភាគរយឯណោះ គិតចាប់តាំងពីលោក Donald Trump ឈ្នះឆ្នោតកាលពីថ្ងៃទី៥ ខែវិច្ឆិកា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

តម្លៃ Bitcoin បានឡើងថ្លៃក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដល់ទៅ ១០៦.០០០ដុល្លារ ក្នុងមួយកាក់ មុនពេលធ្លាក់មកនៅប្រហែល ១០៥.០០០ដុល្លារនៅក្នុងការជួញដូរនៅអាស៊ី កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
រដ្ឋបាលប្រធានាធិបតីជាប់ឆ្នោតអាមេរិក ត្រូវបានគេមើលឃើញថា មានភាពអំណោយផលខ្លាំងដល់រូបិយប័ណ្ណគ្រីបតូ ជាងអ្នកគ្រប់គ្រងសេតវិមានបច្ចុប្បន្ន គឺលោក Joe Biden។
លោក Trump បានរំលឹកឡើងវិញកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លងទៅថា លោកកំពុងពិចារណាបង្កើតឃ្លាំងស្តុករូបិយប័ណ្ណឌីជីថលជាតិ ដែលស្រដៀងទៅនឹងទុនបម្រុងប្រេងជាយុទ្ធសាស្ត្ររបស់ប្រទេស។
ហើយកាលពីដើមខែនេះ លោក Trump ក៏បានតែងតាំងសហគ្រិនរបស់ក្រុមហ៊ុន Silicon Valley លោក David Sacks ជាអ្នកដឹកនាំផ្នែក AI និងរូបិយប័ណ្ណគ្រីបតូ។
យ៉ាងណា អ្នកវិនិយោគជាច្រើនបានព្យាករថា តម្លៃ Bitcoin នឹងហក់ឡើងដល់ ១២០.០០០ដុល្លារក្នុងមួយកាក់នៅត្រឹមចុងឆ្នាំនេះ ហើយនៅឆ្នាំ២០២៥ ក៏មានការពិភាក្សាច្រើនពីការឡើងថ្លៃ Bitcoin ដល់ជាង ១៥០.០០០ដុល្លារនៅពាក់កណ្តាលឆ្នាំ៕
ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា