រដ្ឋមន្ត្រីហិរញ្ញវត្ថុកាណាដាលាឈប់ ជុំរិញរឿងតំឡើងពន្ធ
បរទេស ៖ ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃប្រទេសកាណាដា លោកស្រី Chrystia Freeland បានលាលែងពីតំណែង ដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីថ្ងៃច័ន្ទ បន្ទាប់ពីមិនយល់ស្រប ជាមួយនាយករដ្ឋមន្ត្រី Justin Trudeau ជុំវិញការគំរាមកំហែងពន្ធគយ របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump ។
ការលាលែងពីតំណែង របស់លោកស្រី Freeland វ័យ៥៦ឆ្នាំ បានបង្ហាញពីការមិនពេញចិត្តជាចំហ ជាលើកដំបូង ប្រឆាំងនឹងនាយករដ្ឋមន្ត្រី Trudeau ពីក្នុងគណៈរដ្ឋមន្ត្រី ហើយការលាឈប់នេះ អាចគំរាមកំហែងដល់ការកាន់អំណាច របស់លោកទៀតផង។ ប៉ុន្តែ មិនបានលម្អិតពីការខ្វែងគំនិតនេះទេ។
ជាការកត់សម្គាល់ ការចាកចេញរបស់លោកស្រី Freeland បានកើតឡើងតែប៉ុន្មានម៉ោង មុនពេលលោកស្រីត្រូវបានកំណត់ពេល ដើម្បីផ្តល់ព័ត៌មានថ្មីៗ អំពីហិរញ្ញវត្ថុរបស់ប្រទេស។ លោកស្រីបាននិយាយ នៅក្នុងលិខិតលាលែងពីតំណែង ផ្ញើទៅកាន់លោកនាយករដ្ឋមន្ត្រី Trudeau ថា ប្រទេសនេះ «ប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ» ដោយចង្អុលទៅគម្រោងតំឡើងពន្ធ ២៥ ភាគរយ ដែលបានគ្រោងទុក របស់លោក Trump លើការនាំចូលទំនិញ ពីប្រទេសកាណាដា។ ថ្មីៗនេះ លោកស្រី Freeland ត្រូវបានប្រគល់ភារកិច្ច ឱ្យជួយដឹកនាំការឆ្លើយតប របស់ប្រទេសកាណាដា ចំពោះរដ្ឋបាល Trump ដែលនឹងចូលទៅគ្រប់គ្រងរដ្ឋាភិបាលអាមេរិក។ លោកស្រី ក៏ត្រូវបានគេផ្តល់ព័ត៌មានថា អាចជាអ្នកស្នងតំណែងលោកTrudeau ផងដែរ។
ជុំវិញរឿងលាឈប់នេះ លោកនាយករដ្ឋមន្ត្រី Trudeau បានធ្វើការអត្ថាធិប្បាយ នៅឯកម្មវិធីរៃអង្គាសប្រាក់ កាលពីល្ងាចថ្ងៃចន្ទថា «វាមិនមែនជាពេលវេលាងាយស្រួលនោះទេ…ប៉ុន្តែក្នុងគ្រាលំបាក យើងទាំងអស់គ្នាត្រូវតែរួបរួមគ្នា»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត