របបដឹកនាំលោក Assad ដួលរលំ ស៊ីរីសល់មាសសុទ្ធជិត ២៦តោន
ដាម៉ាស ៖ បន្ទាប់ពីរបបដឹកនាំរបស់លោកប្រធានាធិបតី Bashar al-Assad ដួលរលំ ទូរដែកធនាគារកណ្តាលស៊ីរី បានរក្សាទុកទុនបម្រុងជាមាសសុទ្ធជិត ២៦តោន។ នេះបើតាមប្រភពចំនួនបួនបានប្រាប់សារព័ត៌មានរ៉យទ័រ។
យោងតាមប្រភពទិន្នន័យរបស់ធនាគារកណ្តាលស៊ីរី ក្រុមប្រឹក្សាមាសពិភពលោកបានរាយការណ៍ថា ទុនបម្រុងមាសរបស់ប្រទេសស៊ីរី មានចំនួន ២៥,៨តោនក្នុងខែមិថុនា ឆ្នាំ២០១១។ បើតាមតម្លៃទីផ្សារបច្ចុប្បន្ន តួលេខមាសនេះមានតម្លៃប្រមាណ ២,២ពាន់លានដុល្លារ។
ប្រភពមួយបានឲ្យដឹងថា ទុនបម្រុងជាប្រាក់បរទេសរបស់ធនាគារកណ្តាលនេះ មានចំនួនត្រឹមតែប្រហែល ២០០លានដុល្លារជាសាច់ប្រាក់ប៉ុណ្ណោះ។ រីឯប្រភពមួយទៀតនិយាយថា ទុនបម្រុងជាប្រាក់ដុល្លារអាមេរិក ស្ថិតក្នុងតួលេខ រាប់រយលានដុល្លារ។ តួលេខនេះធ្លាក់ចុះខ្លាំងបំផុត បើធៀបនឹងមុនពេលផ្ទុះសង្រ្គាម។
ជាក់ស្តែង យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានឲ្យដឹងថា នៅចុងឆ្នាំ២០១១ ធនាគារកណ្តាលស៊ីរី បានរាយការណ៍ថា ខ្លួនមានទុនបម្រុងជាប្រាក់បរទេសមានចំនួន ១៤ពាន់លានដុល្លារ។ ចំណែកឆ្នាំ២០១០ IMF ក៏បានប៉ាន់ប្រមាណដែរថា ទុនបម្រុងនៃប្រាក់បរទេសរបស់ស៊ីរី មានចំនួន ១៨,៥ពាន់លានដុល្លារ៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា