លោក ត្រាំ ថា នឹងមិនអញ្ជើញប្រធានាធិបតីអ៊ុយក្រែនចូលរួមពិធីឡើងកាន់តំណែងជាផ្លូវការទេ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា លោកនឹងមិនអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចូលរួមពិធីឡើងកាន់តំណែងជាផ្លូវការនាខែក្រោយនេះ។
នៅពេលត្រូវបានសួរដោយអ្នកកាសែតថាតើគាត់បានអញ្ជើញលោក ហ្សេលេនស្គី ចូលរួមពិធីឡើងកាន់តំណែងជាផ្លូវការដែរឬទេ? លោក ត្រាំ បានឆ្លើយតបថា ទេ… ខ្ញុំមិនបានអញ្ជើញគាត់ទេ តែលោកថា ប្រសិនបើគាត់ចង់មក… ខ្ញុំស្វាគមន៍គាត់។
លោក ត្រាំ ដែលបានយកឈ្នះគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី ខាម៉ាឡា ហារីស កាលពីខែមុននោះ នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិកជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅឯវិមាន Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី។
លោក ត្រាំ បានជួបជាមួយលោក ហ្សេលេនស្គ ក្នុងខែនេះនៅទីក្រុងប៉ារីស រួមជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង សម្រាប់កិច្ចពិភាក្សាផ្តោតលើវិបត្តិអ៊ុយក្រែន។
ទូរទស្សន៍ NBC បានរាយការណ៍ថា ក្រុមការងាររបស់លោក ត្រាំ កំពុងធ្វើការយ៉ាងស្វិតស្វាញស្វែងរកបទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី ដែលអាចត្រួសត្រាយផ្លូវសម្រាប់កិច្ចចរចាសន្តិភាព៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា