គណៈកម្មការស្រាវជ្រាវគុម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ បើកកិច្ចប្រជុំលើកដំបូង
(ភ្នំពេញ)៖ ក្រុមជំនុំនៃគណៈស្រាវជ្រាវគុម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដែលមាន ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបេសកម្មពិសេស ជាប្រធានគណៈកម្មការស្រាវជ្រាវ បានបើកកិច្ចប្រជុំជាលើកដំបូង នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០២៤។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋ លេខាធិការ ក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ថា កិច្ចប្រជុំលើកដំបូងនេះ បានធ្វើឡើងក្នុងគោលបំណងជួបពិភាក្សាស្គាល់សមាសភាពនៃគណៈកម្មការក្រុមជំនុំស្រាវជ្រាវគុម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ និងពិនិត្យមើលកិច្ចការងារដែលបានធ្វើកន្លងមក និងការរៀបចំឯកសារផ្សេងៗទៀតសម្រាប់រៀបចំការងារជាបន្តទៀត ពិសេសក្រុមការងារបានរាយការណ៍អំពីការងារចង់ក្រងស្រាវជ្រាវជាឯកសារបានមួយចំនួនហើយ នៃគុម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ មានទាំងគម្រប ទំព័រទី១ រហូតដល់អារម្ភកថា បុព្វកថា និងប្រវត្តផ្សេងៗបានមួយចំនួនហើយ។
ឯកឧត្តម បានរដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថា កិច្ចប្រជុំលើកដំបូងនេះ ក៏បានផ្តោតសំខាន់ទៅលើទៅលើការអនុម័តលើឯកសារពីរសំខាន់ គឺទី១ត្រូវរៀបចំក្រុមសិលធម៌របស់ក្រុមជំនុំ ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងរៀបចំឱ្យមានភាពច្បាស់លាស់អំពីមនសិការបស់សមាជិកក្រុមជំនុំ ធ្វើយ៉ាងឱ្យដំណើរនៃការស្រាវជ្រាវមានការស្មោះត្រង់ការធ្វើការងារ និងមានស្មារតីជាក្រុមការងារបានល្អ ដោយជម្រុញទឹកចិត្តក្រុមការងារតាមជំនាញនីមួយ ដើម្បីប្រព្រឹត្តិទៅប្រកបដោយសុខដមនីកម្មក្នុងការងារស្រាវជ្រាវបឋម និងទី២ គឺ សំដៅលើការបែងចែកតួនាទីភារៈកិច្ចទៅតាមអ្នកស្រាវជ្រាវដែលមានលក្ខណៈសម្បត្តិផ្សេងៗគ្នា ដើម្បីបែងចែកការងារទៅប្រកបដោយប្រសិទ្ធភាព ដោយប្រមូលបាននូវការស្រាវជ្រាវជាធាតុផ្សំបង្កើតបានជាគុម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរបានកើតឡើង ដែលមានគុណតម្លៃវប្បធម៌ជាតិខ្ពស់សម្រាប់តម្កាល់ផង និងជាសម្រាប់ឯកសារសិក្សាឬក៏ជាមរតករតនៈសម្បត្តិរបស់ជាតិទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា ក្រុមជំនុំនៃគណៈស្រាវជ្រាវគុម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ សម្រាប់ការស្រាវជ្រាវនេះ មិនមានការកំណត់រយៈពេលនោះទេ ពោលការងារផលិតស្រាវជ្រាវនេះ នឹងមានចងក្រងសៀវភៅជាភាគ ដែលមានភាគ១ដល់ភាគច្រើនទៀត រហូតបានគ្រប់គ្រាន់ទើបបញ្ចប់ការស្រាជ្រាវ។ ក្រុមជំនុំនៃគណៈស្រាវជ្រាវគុម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរនេះ ត្រូវបានផ្តល់អនុសាស្រ្តចេញពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា៕
រូបភាព ៖ ងីម ឆៃហួត
អត្ថបទ ៖ ជាវ ចន្ធូ






