ឯកឧត្តម ខូវ ឆាយ ៖ ការនាំយកកីឡាករគុនខ្មែរ៣រូបទៅចក្រភពអង់គ្លេសលើកទី២នេះ ជាការផ្សព្វផ្សាយក្បាច់គុនមរតកដូនតាខ្មែរឱ្យពិភពលោកកាន់តែស្គាល់
(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នាល្ងាចថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០២៤ បានធ្វើសន្និសិទប្រកាសនាំយកកីឡាករគុនខ្មែរ៣រូប មានកីឡាករ សោម វិច្ឆ័យ ហុង សុវណ្ណច័ន្ទសុធី និងកីឡាធន់ ស៊ីហុង ទៅប្រកួតនៅទីក្រុង Liverpool ចក្រភពអង់គ្លេស ។
កីឡាករគុនខ្មែរទាំង៣រូបនេះ នឹងត្រូវប្រកួត នៅយប់ថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន GANZBERG ។
លោក ស្រឺ ស្រេង អ្នកផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរ និងជាប្រតិភូដឹកនាំកីឡាករគុនខ្មែរទៅចក្រភពអង់គ្លេសលើកនេះគូសបញ្ជាក់ថា កីឡាករគុនខ្មែរទាំង៣នាក់នេះនឹងត្រូវប្រកួតមិត្តភាពម្នាក់ និងប្រកួតដណ្តើមខ្សែក្រវាត់២នាក់ គឺកីឡាករ ហុង សុវណ្ណច័ន្ទសុធី ប្រកួតជាមួយកីឡាករអង់គ្លេស Kory Chettle លក្ខណៈមិត្តភាព ក្នុងប្រភេទទម្ងន់ ៦១គីឡូក្រាម និងកីឡាករ ធន់ ស៊ីហុង ប្រកួតជាមួយកីឡាករអង់គ្លេស Jamie Williamson ដណ្តើមខ្សែក្រវាត់ MTGP ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម និងកីឡាករ សោម វិច្ឆ័យ ប្រកួតជាមួយកីឡាករអង់គ្លេស Anthony Deary ដណ្តើមខ្សែក្រវាត់ MTGP ក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម ។
ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរគូសបញ្ជាក់ថា ការនាំកីឡាករគុនខ្មែរ៣នាក់ចេញទៅប្រកួតកីឡាប្រដាល់គុនខ្មែរ នៅទីក្រុង Liverpool ចក្រភពអង់គ្លេស គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងការផ្សព្វផ្សាយក្បាច់គុនមរតកដូនតាខ្មែរឱ្យពិភពលោកកាន់តែស្គាល់កាន់តែច្បាស់ពីភាពអស្ចារ្យនៃវិស័យកីឡាប្រដាល់គុនខ្មែរ ។
ឯកឧត្តម ខូវ ឆាយ បានសង្កត់ធ្ងន់ថា ការចេញទៅប្រកួតកីឡាប្រដាល់គុនខ្មែរ ចក្រភពអង់គ្លេស ជាលើកទី២ហើយសម្រាប់កម្ពុជា បន្ទាប់ពីការចូលរួមប្រកួតរបស់អ្នកប្រដាល់គុនខ្មែរ នៅចក្រភពអង់គ្លេសពុំទទួលបានជោគជ័យ ។
ឯកឧត្តម ខូវ ឆាយ គូសបញ្ជាក់ទៀត មួយរយៈចុងក្រោយនេះ ប្រភេទកីឡាប្រដាល់គុនខ្មែរត្រូវបាននាំយកទៅផ្សព្វផ្សាយយ៉ាងច្រើន នៅក្រៅប្រទេស ក្រោមការគាំទ្រយ៉ាងខ្លាំងពីក្រុមហ៊ុនស្រាបៀរ GANZBERG ហើយនៅដើមឆ្នាំ២០២៥ខាងមុខ គុនខ្មែរនឹងត្រូវត្រៀមចូលរួមប្រកួតយ៉ាងច្រើន នៅប្រទេសបារាំង អេស្ប៉ាញជាបន្តបន្ទាប់ ។
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះក៏បានថ្លែងអំណរគុនយ៉ាងជ្រាលជ្រៅបំផុតជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស និងនៅក្រៅប្រទេស ដែលតែងតែផ្តល់ការគាំទ្រដល់វិស័យកីឡាប្រដាល់គុនខ្មែរ ដែលទាំងអស់នេះគឺជារួមចំណែកដ៏សំខាន់មិនអាចកាត់ថ្លៃបាន ក្នុងការរួមគ្នាជួយរុញច្រានឱ្យវិស័យកីឡាប្រដាល់គុនខ្មែរកាន់តែរីកចម្រើនកាន់តែខ្លាំងក្លាបន្ថែមទៀត ។
ឯកឧត្តម ខូវ ឆាយ ជឿជាក់យ៉ាងមុតមាំថា ការរួបរួមសាមគ្គីភាពគ្នាជាធ្លុងមួយរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់នឹងប្រែក្លាយប្រដាល់គុនខ្មែរទៅជាប្រភេទកីឡាសកល ដែលទទួលស្គាល់ដោយពិភពលោក និងស្ថាប័នកីឡាធំៗលើពិភពលោក ហើយប្រជាពលរដ្ឋខ្មែរនឹងមានមោទនភាពនូវក្បាច់គុនបុរាណមរតកដ៏ថ្លៃថ្លារបស់ខ្មែរយើង ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ