ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ៖ ចំការកៅស៊ូចំណាស់ ១០០ឆ្នាំ ជាបេតិកភណ្ឌដ៏មានតម្លៃ ដែលត្រូវការពារថែរក្សា

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីប្រារព្ធខួប ១០០ឆ្នាំ កៅស៊ូចាស់ជាងគេនៅកម្ពុជា នៅឧទ្យានជាតិបេតិកភណ្ឌកៅស៊ូ តេជោ-ធិបតី ស្ថិតនៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបានចាត់ទុកថាជាបេតិកភណ្ឌដ៏មានតម្លៃ ដែលត្រូវការពារថែរក្សា ។

ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនបងប្អូនទាំងអស់ក្នុងការងារវិស័យកៅស៊ូកម្ពុជា ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា”ចំការកៅស៊ូចំណាស់នេះ គឺជាបេតិកភណ្ឌដ៏មានតម្លៃ ដែលត្រូវការពារថែរក្សា និងជាប្រភពធនធានយ៉ាងល្អប្រពៃបម្រើដល់ការស្រាវជ្រាវ រហូតមកដល់នាពេលបច្ចុប្បន្ន ដែលកម្ពុជាសម្រេចបានក្លូនកៅស៊ូចំនួនពីរគឺ CRRI 12 និង CRRI 19 ដែលមានគុណភាពល្អ មានជ័រច្រើន និងមានទិន្នផលខ្ពស់សម្រាប់បងប្អូនយកទៅដាំដុះ និងជំរុញពូជក្លូននេះបន្ថែមទៀត” ។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ដល់អង្គពិធីអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រើមានបាន និងមានរហូត ដែលត្រូវការការចូលរួមពីបងប្អូនទាំងអស់គ្នាក្នុងការស្វែងយល់ពី និងយកចិត្តទុកដាក់ពីដំណាក់កាលនីមួយៗឱ្យបានស៊ីជម្រៅ និងបន្តការងារវិស័យកៅស៊ូប្រកបដោយគុណភាពល្អ មានតម្លៃបន្ថែមខ្ពស់ និងអាចបម្រើដល់ការកែច្នៃក្នុងស្រុក ដើម្បីនាំចេញផលិតផលសម្រេចទៅកាន់ទីផ្សារអន្តរជាតិ ។

ឯកឧត្តម រដ្ឋមន្រ្តី បានសម្តែងការកោតសរសើរចំពោះ កម្មវិធីប្រកួតចៀរជ័រកៅស៊ូ ទទួលបានភាពជោគជ័យ និងមានការគាំទ្រយ៉ាងកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដោយកម្មវិធីនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងការស្វែងយល់ពីលក្ខខណ្ឌការងារប្រចាំថ្ងៃរបស់កម្មករ កម្មការនីចៀរជ័រកៅស៊ូ និងការបង្ហាញនូវស្នាដៃចៀរជ័រដ៏ពិនប្រសប់ពីបេក្ខជនតាមបណ្តាក្រុមហ៊ុននានា ។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថាកម្មវិធីប្រឡងចៀរជ័រកៅស៊ូ នេះនឹងបន្តធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្តដល់បងប្អូនកម្មករ កម្មការនីចៀរជ័រឱ្យមានប្រសិទ្ធភាពខ្ពស់ ត្រឹមត្រូវតាមស្តង់ដាការងារ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីក្រុមហ៊ុនផ្ទាល់ និងអាចឱ្យបងប្អូនកម្មករ កម្មការនីទាំងអស់អាចផ្លាស់ប្តូរពីបទពិសោធន៍បច្ចេកទេសជាមួយគ្នា ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួង អជ្ញាធរខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ក្រុមហ៊ុនវិស័យឯកជន កម្មករ កម្មការនីទាំងអស់ និងជូនពរដល់អង្គពិធីទទួលបានជោគជ័យ និងសុភមង្គលក្រោមម្លប់សុខសន្តិភាព ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner