ក្រសួងបរិស្ថានបង្ហាញសមិទ្ធផលសម្រេចបានធំៗនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន រៀបចំសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងក្នុងពិធីនេះថា៖ក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ ក្រសួងបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងគោលបំណង តម្រង់ទិសនិងចង្អុលបង្ហាញ ការងារជាអាទិភាព ដើម្បីធានាឱ្យ បាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅកម្ពុជា មានគម្របព្រៃឈើកើនឡើងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ជាមួយគ្នាក្នុងរយៈពេលជាង១ឆ្នាំមកនេះដែរក្រសួង បានខិតខំលើកកម្ពស់ប្រសិទ្ធភាពការងារ របស់ខ្លួន តាមរយៈការធ្វើទំនើបកម្មស្ថាប័ន ការដាក់ចេញនូវរដ្ឋបាលទំនើប ប្រើប្រាស់បច្ចេកវិទ្យាថ្មី និងកែលម្អនូវក្របខណ្ឌច្បាប់និងគោលនយោបាយជាបន្តបន្ទាប់ ដើម្បីពង្រឹងភាពជាដៃគូកាន់តែប្រសើរ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេស វិស័យឯកជន ក្នុងការលើកកម្ពស់គុណភាពបរិស្ថាននៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖«ការសិក្សា ការសាកល្បង ការសម្រេចបាននូវសមិទ្ធផលការងារ» គឺជាជំហាននៃភាពជោគជ័យ ដែលក្រសួងបរិស្ថានសម្រេចបាននៅក្នុងឆ្នាំទី១ ហើយជំហាននេះ ក៏ជាមូលដ្ឋានគ្រឹះឈានឆ្ពោះទៅជំហានបន្តនៅក្នុងឆ្នាំ ២០២៥ខាងមុខ”។
ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ជាមួយនឹងភាពជោគជ័យដែលក្រសួងបរិស្ថានសម្រេចបានតាមរយៈការថយចុះនៃចំនួននាំចូលថង់ប្លាស្ទិក៨០% ដែលផ្តើមចេញពីយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក យុទ្ធនាការសំអាត និងធ្វើឱ្យស្អាតគ្មានសំណល់ សំរាមប្លាស្ទីក និងការកែប្រែផ្នត់គំនិតយុវជនជំនាន់ក្រោយឱ្យមានភាពស្អាត ភាពបៃតង និងចីរភាពនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យដឹកនាំនាវាបរិស្ថាន ឆ្ពោះទៅទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។
ដោយឡែកទាក់ទិនទៅនឹងយុទ្ធនាការដើម្បីភាពស្អាតលើដីវិញត្រូវបានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក្រសួងបរិស្ថានលើកឡើងថាបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេស ជាង៩,៧ លាន នាក់ និងយុទ្ធនាការ“កម្ពុជាស្អាត ខ្មែរធ្វើបាន” មានសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមចំនួន ៣,៦ លាន នាក់។ ជាមួយគ្នានេះ កាត់បន្ថយការនាំចូលប្លាស្ទិកបាន ៨០% និងកាត់បន្ថយសំរាម/ប្លាស្ទិករាយប៉ាយតាមដងផ្លូវ ក្នុងខេត្តចំនួនដប់មួយ បានប្រមាណ ៨០% បើធៀបនឹងឆ្នាំ ២០២៣។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថាក្រសួងបរិស្ថានបានធ្វើទំនើបកម្មការតាមដាននិងត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយ និងមានរោងចក្រសហគ្រាស ចំនួន៣៦ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ បាននិងកំពុងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ចេញសំណល់រាវ នៅតាមទីតាំងរបស់ខ្លួន ។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងដោយបញ្ជាក់បន្ថែមថាក្រៅពីនេះ ក្រសួងបរិស្ថាន បានបំពាក់ឧបករណ៍តាមដានគុណភាពខ្យល់ស្វ័យប្រវត្តិ ចំនួន៥៣គ្រឿង និងបង្កើតស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ចំនួន១០ទីតាំង នៅរាជធានី ខេត្តទូទាំងប្រទេស។ លើសពីនេះ ក្រសួងបរិស្ថាន បានបំពាក់រថយន្តចល័តត្រួតពិនិត្យគុណភាពខ្យល់ ចំនួន៣គ្រឿងបន្ថែមទៀត។
ឯកឧត្តមបណ្ឌិត អ៊ាងសុផល្លែត បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានអនុវត្តសកម្មភាព ដើម្បីទប់ស្កាត់ការបំពុលខ្យល់ និងធ្វើឱ្យគុណភាពខ្យល់ប្រសើឡើយ។
ក្រៅពីនេះ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ២០៥០ ក្នុងគោលបំណង ចូលរួមលើកកម្ពស់ការយល់ដឹង ពីសកម្មភាពអាកាសធាតុ របស់ប្រទេសកម្ពុជា និងប្រមូលផ្ដុំការគាំទ្របន្ថែមទៀត ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ ដើម្បីពង្រឹងការទប់ស្កាត់ការបំពុលខ្យល់ជាប្រចាំ ក្នុងពេលរដូវប្រាំង ជារៀងរាល់ឆ្នាំ ក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការផ្សព្វផ្សាយ និងអនុវត្តវិធានការទប់ស្កាត់ភ្លើងឆេះព្រៃ ការដុតគល់ជញ្រ្ជាំង និងសំណល់កសិកម្មផ្សេងៗទៀត ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ខាងមុខនេះ ក្រសួងបរិស្ថានបានត្រៀមដាក់ចេញយុទ្ធនាការចំនួន ៣បន្ថែមទៀត ដោយផ្តោតសំខាន់លើជីវិតមនុស្ស ក្នុងនោះបានពង្រឹងលើការងារត្រួតពិនិត្យគុណភាពទឹក តាមរយៈការបំពាក់ឧបករណ៍ត្រួតពិនិត្យសំណល់រាវនៅតាមរោងចក្រសហគ្រាសមុនការបញ្ចេញទៅក្រៅផងដែរ៕
ដោយ ៖ ម៉ាដេប៉ូ