ខួប ១០០ឆ្នាំ កៅស៊ូចាស់ជាងគេនៅកម្ពុជា នៅឧទ្យានជាតិបេតិកភណ្ឌកៅស៊ូ តេជោ-ធិបតី ខេត្តត្បូងឃ្មុំ
(ខេត្តត្បូងឃ្មុំ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប ១០០ឆ្នាំ កៅស៊ូចាស់ជាងគេនៅកម្ពុជា នៅឧទ្យានជាតិបេតិកភណ្ឌកៅស៊ូ តេជោ-ធិបតី ស្ថិតនៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តមរដ្ឋមន្រ្តី បានអោយដឹងថា ចំការកៅស៊ូចំណាស់នេះ គឺជាបេតិកភណ្ឌដ៏មានតម្លៃ ដែលត្រូវការពារថែរក្សា និងជាប្រភពធនធានយ៉ាងល្អប្រពៃបម្រើដល់ការស្រាវជ្រាវ រហូតមកដល់នាពេលបច្ចុប្បន្ន ដែលកម្ពុជាសម្រេចបានក្លូនកៅស៊ូចំនួនពីរគឺ CRRI 12 និង CRRI 19 ដែលមានគុណភាពល្អ មានជ័រច្រើន និងមានទិន្នផលខ្ពស់សម្រាប់បងប្អូនយកទៅដាំដុះ និងជំរុញពូជក្លូននេះបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បញ្ជាក់ថា គោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រើ មានបាន និងមានរហូត ដែលត្រូវការការចូលរួមពីបងប្អូនទាំងអស់គ្នាក្នុងការស្វែងយល់ពី និងយកចិត្តទុកដាក់ពីដំណាក់កាលនីមួយៗឱ្យបានស៊ិជម្រៅ និងបន្តការងារវិស័យកៅស៊ូប្រកបដោយគុណភាពល្អ មានតម្លៃបន្ថែមខ្ពស់ និងអាចបម្រើដល់ការកែច្នៃក្នុងស្រុក ដើម្បីនាំចេញផលិតផលសម្រេចទៅកាន់ទីផ្សារអន្តរជាតិ។
ពាក់ព័ន្ធនឹងកម្មវិធីចៀរជ័រកៅស៊ូ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយជាអនេក ដែលកម្មវិធីនេះទទួលបានភាពជោគជ័យ និងមានការគាំទ្រយ៉ាងកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដោយកម្មវិធីនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងការស្វែងយល់ពីលក្ខខណ្ឌការងារប្រចាំថ្ងៃរបស់កម្មករ កម្មការនីចៀរជ័រកៅស៊ូ និងការបង្ហាញនូវស្នាដៃចៀរជ័រដ៏ពិនប្រសប់ពីបេក្ខជនតាមបណ្តាក្រុមហ៊ុននានា។
តាមរយៈលទ្ធផលវិជ្ជមាននេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា កម្មវិធីចៀរជ័រនេះនឹងបន្តធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្តដល់បងប្អូនកម្មករ កម្មការនី ចៀរជ័រឱ្យមានប្រសិទ្ធភាពខ្ពស់ ត្រឹមត្រូវតាមស្តង់ដាការងារ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីក្រុមហ៊ុនផ្ទាល់ និងអាចឱ្យបងប្អូនកម្មករ កម្មការនីទាំងអស់អាចផ្លាស់ប្តូរពីបទពិសោធន៍បច្ចេកទេសជាមួយគ្នា៕
ប្រភព ៖ ក្រសួងកសិកម្ម