សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាត បូកសរុបការងារ និងដាក់ទិសដៅបន្ត របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ ។

សូមជម្រាបថា សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា បានប្រារព្ធពិធីបើកកាលពីព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមវត្តមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធាន និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធការកណ្តាលគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិក សមាជិកា គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល អគ្គលេធិការ អគ្គលេខាធិការរង គណៈចលនាមហាជន តំណាងគណៈជំនាញ នៃគណៈកម្មាធិការកណ្តាល ព្រមទាំងសមាជិក សមាជិកា នៃរចនាសម្ព័ន្ធ គណៈចលនាមហាជនទូទាំងប្រទេស ប្រមាណ ២.០០០ នាក់ ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើង នូវបណ្តាសមិទ្ធផលសម្រេចបានរបស់គណៈចលនាមហាជនទូទាំងប្រទេស និងគណៈចលនានានា ដែលបានរួមគ្នាសម្រេចកិច្ចការធំៗគួរឱ្យកត់សម្គាល់លើការងារយុវជន ការងារស្រ្តី ការងារសហជីព និងការងារចលនាអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ រួមមាន៖ ការពង្រឹង និងពង្រីករចនាសម្ព័ន្ធ ព្រមទាំង ក្តាប់បានសភាពការណ៍នយោបាយ ការគ្រប់គ្រង សតិអារម្មណ៍មហាជន ការផ្សព្វផ្សាយ ការងារអប់រំ បណ្តុះបណ្តាល ការងារបោះឆ្នោត ព្រមទាំងការងារសង្គម និងមនុស្សធម៌ ដែលផ្សារភ្ជាប់យ៉ាងស្អិតរមួត ជាមួយការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំងមហាជន ។

ទន្ទឹមនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈចលនាមហាជន ក្នុងការអនុវត្តការងារកន្លងទៅ ប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ ។ តាមរយៈការរួមចំណែកដ៏សំខាន់ របស់គណៈចលនាមហាជន ក្នុងការនាំមកនូវជ័យជំនះ ជូនគណបក្ស គណៈចលនាមហាជន បាន និងកំពុង ដើរតួនាទីយ៉ាងសំខាន់ ជាសេនាធិការ ជូនគណៈកម្មាធិការគណបក្សគ្រប់កម្រិត ក្នុងការគ្រប់គ្រងសមរភូមិសតិអារម្មណ៍សាធារណៈ ដែលជាកម្លាំងនយោបាយមិនអាចខ្វះបានក្នុងការធានាជ័យជម្នះ របស់គណបក្ស ក្នុងគ្រប់ការបោះឆ្នោត ជាពិសេស ការប្រមូលផ្តុំកម្លាំងគណបក្ស ក្នុងចំណោមមហាជនទូទៅផងដែរ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner