លោក គួច ហុងជៀក ៖ លើកទឹក ចិត្តដល់កីឡាករ កីឡាការិនី ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤

(ភ្នំពេញ)៖ លោក គួច ហុងជៀក ប្រធានស្តីទី សហព័ន្ធខ្មែរកីឡា ហាប់គីដូបានសំណេះសំណាលលើកទឹកចិត្ត និងលើកសរសើរ ជូនដល់កីឡាករ កីឡាការិនី ហាប់គីដូ ទាំងអស់ ដែលបានខិតខំហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសរបស់ខ្លួន ត្រៀមចូលរួមប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ ដែលគ្រោងនឹងធ្វើឡើងពីពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក គួច ហុងជៀក ប្រធានស្តីទី មានប្រសាសន៍ថា ការចូលរួមប្រកួតជើងឯកថ្នាក់ជាតិ នាពេលខាងមុខឆាប់ៗនេះ ទទួលបានលទ្ធផលល្អ ឬមិនសូវល្អក្តី ក៏កុំបាក់ទឹកចិត្ត ដោយត្រូវពង្រឹងស្មារតីប្រកួតប្រជែង ឱ្យបានល្អ ហើយត្រូវដុសខាត់សមត្ថភាពឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។ ប្រធានស្តីទី រូបនេះ បន្ថែមថា ការប្រកួតតែងមានឈ្នះ មានចាញ់ ដើម្បីវាស់ស្ទង់កម្រិតគុណភាព សមត្ថភាពរបស់កីឡាករ កីឡាការិនីម្នាក់ៗ ពីព្រោះថា ការប្រកួតមានគោលដៅបង្កើនសមត្ថភាព កសាងមិត្តភាព សាមគ្គីភាព ព្រមទាំងអភិវឌ្ឍបច្ចេកទេសរបស់ខ្លួនផងដែរ។

លោក គួច ហុងជៀក ក៏បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីចូលរួមប្រកួតលើវិញ្ញាសាឱ្យបានច្រើន ពីព្រោះនេះជាទិសដៅរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ ដើម្បីជំរុញ និងវាស់ស្ទង់កម្រិតបច្ចេកទេសធនធានកីឡាករ កីឡាការិនីល្អៗ ត្រៀមចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍អន្តរជាតិ នាឆ្នាំ២០២៥ខាងមុខ។

លោក គួច ហុងជៀក ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាណាព្យាបាលរបស់សិស្សគុនទាំងអស់ដែលតែងតែយល់ដឹង និងលើកទឹកចិត្តដល់កូនៗរបស់ខ្លួនឱ្យចូលរួមហ្វឹកហាត់កីឡាដើម្បីសុខភាពល្អ និងអាចក្លាយជាធនធានសម្រាប់ជាតិ ក្នុងវិស័យកីឡាផងដែរ ។

លោកចាត់ទុកថា នេះជាការរួមចំណែកដ៏សំខាន់របស់អាណាព្យាបាលទាំងអស់ ក្នុងការលើកតម្កើនដល់សុខភាពរបស់សង្គមជាតិ ដោយកាលណាប្រជាជនយើងមានសុខភាពល្អ មានន័យថា ប្រទេសជាតិយើងសម្បូរទៅដោយធនធានមនុស្សច្រើនប្រកបដោយគុណភាពជីវិតកាន់តែល្អប្រសើរ ហើយជាការកាត់បន្ថយនូវភាពក្រីក្ររបស់ក្រុមគ្រួសារ រួមទាំងសង្គមជាតិយើងផងដែរ។

ជាមួយគ្នានេះ ក្នុងនាមសហព័ន្ធខ្មែរកីឡាហាប់គីដូ លោកក៏បានគូសបញ្ជាក់ទៀតថា ការរៀបចំការប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ កាលពីលើកទី១ ឆ្នាំ២០២៣កន្លងទៅ និងការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤នេះមិនមានការគាំទ្រជាថវិកាពីស្ថាប័នណានោះទេ ដោយប្រើប្រាស់កញ្ចប់ថវិកាគាំទ្ររៃអង្គាសរបស់សមាជិកគណៈកម្មការប្រតិបត្តិសហព័ន្ធផ្ទាល់ខ្លួនម្នាក់ៗ បូករួមជាមួយនឹងសប្បុរសជន និងក្រុមហ៊ុននានា ដែលបានផ្តល់ការគាំទ្រប៉ុណ្ណោះ។

លោក គួច ហុងជៀក ក៏បានថ្លែងអំណរគុណ ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលតែងតែផ្តល់ការគាំទ្រជាស្មារតី ក្នុងការលើកកម្ពស់សកម្មភាពអភិវឌ្ឍជំនាញកីឡាហាប់គីដូនៅប្រទេសកម្ពុជា និងការចេញទៅប្រកួតអន្តរជាតិកន្លងទៅ ។ ជាមួយគ្នានេះ ប្រធានសហព័ន្ធស្តីទីរូបនេះក៏បានថ្លែងអំណរគុណដល់ឯកឧត្តម យិត ភីរៈ អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលតែងតែផ្តល់ទីតាំង និងសម្ភារផ្សេងៗ ក្នុងន័យគាំទ្រដល់ការរៀបចំប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំផងដែរ ៕

អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner