អភិបាលខេត្តកំពត៖ការបរិច្ចាគសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន គឺជាការចូលរួមអភិវឌ្ឍសង្គមជាតិ
កំពត៖បន្ទាប់ពីទទួលសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋចំនួន ២៥គ្រួសារ រស់នៅភូមិត្រពាំងគគីរ និងភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក ខេត្តកំពត ដែលរងផលប៉ះពាល់ពីគម្រោងពង្រីកផ្លូវ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំអាជ្ញាធរមូលដ្ឋាន មន្ត្រីនៃមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំង ដែលប្រជាពលរដ្ឋ លើកឡើងថាមានផលប៉ះពាល់ដើម្បីស្វែងរកដំណោះស្រាយ និងធ្វើយ៉ាងណា កុំឱ្យមានការរាំងស្ទះដល់ការស្ថាបនាពង្រីកផ្លូវនេះ។
ក្រោយចុះពិនិត្យជាក់ស្តែងបានពិនិត្យឃើញថា ការពង្រីកផ្លូវក្នុងភូមិទាំងពីរនោះ មិនមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់លំនៅឋានរបស់ប្រជាពលរដ្ឋនោះទេ គ្រាន់តែប៉ះពាល់ដល់របងផ្ទះ អណ្តូងទឹក និងផលដំណាំមួយចំនួនប៉ុណ្ណោះ ។
នៅក្នុងឱកាសនេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្នើពលរដ្ឋទាំងអស់ឱ្យមានការចូលរួមបរិច្ចាគមួយចំនួន ដែលរងផលប៉ះពាល់ពីការពង្រីកផ្លូវនេះ ។ឯកឧត្តមបានលើកទឹកចិត្តថា ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាការរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានខ្លួន ក៏ដូចជាសង្គមជាតិទាំងមូល ព្រោះកាលណាមូលដ្ឋានភូមិឃុំ មានផ្លូវថ្នល់ល្អ ធំទូលាយ ឃុំនឹងមានការអភិវឌ្ឍឆាប់រហ័ស។
សម្រាប់ក្រុមហ៊ុនស្ថាបនាផ្លូវថ្នល់វិញ ឯកឧត្តមអភិបាលខេត្តបានណែនាំ ឱ្យពិនិត្យលទ្ធភាពក្នុងការដោះស្រាយសំណងផ្សេងៗ ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផង ។ពេលស្ថាបនាត្រូវធ្វើតាមលក្ខណៈបច្ចេកទេសដែលធានាបានទាំងគុណភាព និងសុខភាពប្រជាជនដែលរស់នៅជាប់នឹងការដ្ឋាន៕
ដោយ៖ សិលា សារិន