វេទិការៀនសូត្រ និងឆ្លុះបញ្ចាំងថ្នាក់ខេត្ត ស្តីពីការអប់រំរបស់កុមារតូច​នៅបឋមសិក្សាខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយ​មាន​ជ័យ តំណាងឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត កាល​ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងវេទិការៀនសូត្រ និងឆ្លុះ​បញ្ចាំងថ្នាក់ខេត្តស្តីពីការអប់រំ​កុមារ​នៅបឋមសិក្សា​ខេត្តបន្ទាយ​មានជ័យ” ​។ពិធីនេះរៀបចំដោយអង្គការទស្សនៈពិភពលោក (World Vision), អង្គការមជ្ឈ​មណ្ឌល​អប់រំបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍-កម្ពុជា (SEAPC-C), អង្គការរូមធូរីដ (RtR), អង្គការហ្គូដ​ណេប៊ឺស​(Good Neighbors) និងអង្គការដៃគូពាក់ព័ន្ធ។

ក្នុងវេទិកាពេញមួយថ្ងៃនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមាន​ជ័យ លោកស្រី ងួន សោភ័ណ្ឌ ប្រធានប្រចាំ​តំបន់​ខេត្តបន្ទាយមានជ័យ បាត់ដំបង នៃអង្គការទស្សនៈពិភពលោកបានបញ្ជាក់ថា វេទិកានេះ​មានគោលបំណងបីសំខាន់ៗគឺ ១-ឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃផែនការសកម្មភាពពីវេទិការៀនសូត្រលើកទី១, ២-ចែករំលែកបទពិសោធន៍នៃការអនុវត្តល្អៗ និង​ការរៀនសូត្រ​ផ្សេងៗ ពាក់ព័ន្ធនឹងលទ្ធផលការរៀន សូត្ររបស់កុមារ ជាពិសេស​កុមារបាត់បង់ឱកាស​នៅក្នុងកម្រិតបឋម​សិក្សានិង​៣-ស្វែងរកការ​គាំទ្រពីសំណាក់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ក្នុងការឆ្លើយតបនឹងប​ញ្ហា​ប្រឈម​ចំពោះគុណភាព​នៃ​ការសិក្សារបស់កុមារងាយគ្រោះ និងកុមារ​បាត់បង់ឱកាសិក្សា។

ចំណែកលោក យឹម សំណាង បានបញ្ជាក់ថា ធនធានមនុស្សជាទុ​នយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការ​អភិវឌ្ឍ​ប្រទេស​។ក្នុងនាម​រដ្ឋបាលខេត្តលោក ក៏បានថ្លែងនូវកោតសសើរដោយស្មោះចំពោះ​មន្ទីរអប់រំយុវជន និងកីឡាខេត្ត មន្ទីរជំនាញ​ពាក់ព័ន្ធ និងអង្គការ​ដៃគូអប់រំទាំងអស់ដែលបានខិតខំប្រឹងប្រែងដើម្បីលើកស្ទួយគុណភាពអប់រំនៅខេត្ត និងទទួលបាន​លទ្ធផលគួរជាទីមោទនៈពីមួយឆ្នាំ​ទៅមួយឆ្នាំ។

សូមជម្រាបជូនថា វេទិកានេះបានផ្តល់ឱកាស​ដល់អ្នកពាក់ព័ន្ធនានា​ចែក​រំលែកនិងពិភាក្សា​លើ​បញ្ហាប្រឈមដែល​ធ្វើឱ្យរាំង​ស្ទះដល់​ការសិក្សារបស់កុមារ ឬក៏អាចធ្វើឱ្យកុមារបាត់បង់ឳកាស​រៀនសូត្រ​ផងដែរ។វេទិកានេះ ក៏ជាការចូលរួមចំណែក​មួយផ្នែក​ដើម្បី​ជួយលើក​ស្ទួយគុណភាពនៃការអប់រំនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីឆ្ពោះ​ទៅសម្រេចបាន “គោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ ឆ្នាំ២០៣០” របស់ក្រសួងអប់រំ យុវជន និងកីឡា៕


ដោយ៖ឃិន គន្ធា

ads banner