ទីក្រុងឆ្នេររុស្ស៊ីប្រកាសអាសន្នជុំវិញការធ្លាយប្រេង
បរទេស៖ ទីក្រុងរមណីយដ្ឋានសមុទ្រខ្មៅ Anapa របស់រុស្សីបានប្រកាសដាក់ក្នុងភាពអាសន្ន កាលពីថ្ងៃអង្គារ បន្ទាប់ពីប្រេងបានហៀរ ចេញពីនាវាដឹកប្រេង ពីរគ្រឿង ដែលរងការខូចខាត ហើយបានបោកបក់ មក តាមឆ្នេរសមុទ្រ។
ខ្យល់ព្យុះ កាលពីថ្ងៃអាទិត្យ បានបំផ្លាញនាវាចំនួនពីរ ក្នុងនោះ មួយគ្រឿងបានលិច បន្ទាប់ពីបាក់ពាក់កណ្តាល។ រដ្ឋាភិបាលរុស្ស៊ីបាននិយាយថា សមាជិកនាវិកម្នាក់ បានស្លាប់ ហើយ២៦នាក់ ផ្សេងទៀត ត្រូវបានជួយសង្គ្រោះពីនាវាដឹកប្រេង ដែលរងការខូចខាតនោះ។
ការិយាល័យអភិបាលក្រុងបាននិយាយ តាមរយៈបណ្តាញសង្គម Telegram ថា «អាណាប៉ាស្ថិតក្នុងភាពអាសន្នដោយសារតែការធ្លាយផលិតផលប្រេង» ដោយបន្ថែមថា «ប្រតិបត្តិការដើម្បីលុបបំបាត់ផលវិបាក កំពុងដំណើរការ»។ ក្រសួងស្ថានភាពគ្រាអាសន្នរុស្ស៊ី បាននិយាយថា មន្ត្រីជំនាញប្រមាណ៤០០នាក់ បានចូលរួមកិច្ចខិតខំប្រឹងប្រែងសម្អាត។
ដោយមានទីតាំង នៅភាគខាងត្បូងនៃតំបន់ Krasnodar ជិតឧបទ្វីប Crimean ដែលភ្ជាប់ពីអ៊ុយក្រែននោះ ទីក្រុង Anapa មានប្រជាជនរស់នៅប្រហែល៩ម៉ឺននាក់។ ភាគីអ៊ុយក្រែនបាននិយាយថា ឧបទ្ទវហេតុនេះបានបង្កការគំរាមកំហែង នៃគ្រោះមហន្តរាយបរិស្ថាន ទ្រង់ទ្រាយធំ នៅក្នុងសមុទ្រខ្មៅ ហើយអាចនឹងមាន «ផលវិបាកដ៏មហន្តរាយ សម្រាប់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត