ជនចំណាកស្រុកស៊ីរី ១លាននាក់ត្រៀមចូលប្រទេសវិញ

បរទេស ៖ អង្គការសហប្រជាជាតិបាននិយាយថា ជនជាតិស៊ីរីមួយលាននាក់ដែលបានភៀសខ្លួន អាចនឹងវិលត្រឡប់ចូលប្រទេសវិញ នៅឆមាសទីមួយ នៃឆ្នាំ២០២៥ ក្រោយការដួលរលំរបស់លោក Assad។

អង្គការសហប្រជាជាតិនិយាយថា ខ្លួនរំពឹងថា មនុស្សប្រហែលមួយលាននាក់ នឹងត្រឡប់ ទៅប្រទេសស៊ីរីវិញ នៅឆមាសទីមួយ នៃឆ្នាំ២០២៥ បន្ទាប់ពីការដួលរលំ នៃការគ្រប់គ្រង របស់ប្រធានាធិបតី Bashar al-Assad នេះបើយោងតាមលោកស្រី Rema Jamous Imseis នាយកប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនៃទីភ្នាក់ងារជនភៀសខ្លួន អង្គការសហប្រជាជាតិ ហៅកាត់ UNHCR បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារ។

លោកស្រី Rema Jamous Imseis បានអះអាងថា «យើងបានព្យាករណ៍ថា ជនជាតិស៊ីរីមួយលាននាក់ ត្រឡប់មកវិញ នៅចន្លោះខែមករា និងខែមិថុនា ឆ្នាំក្រោយ»។

លោកស្រីបាននិយាយថា ការវិវត្តន៍ នាពេលថ្មីៗនេះ បាននាំមកនូវ «ចំនួនដ៏ច្រើននៃក្តីសង្ឃឹម … សម្រាប់វិបត្តិផ្លាស់ទីលំនៅដ៏ធំបំផុត ដែលយើងមាននៅលើភពផែនដី ត្រូវបានដោះស្រាយ ជាចុងក្រោយ» ។

ប៉ុន្តែ លោកស្រីបានសង្កត់ធ្ងន់ថា «យើងក៏ត្រូវទទួលស្គាល់ដែរថា ការផ្លាស់ប្តូររបបនេះ មិនមានន័យថា មានការបញ្ចប់វិបត្តិមនុស្សធម៌ នៅទីនោះទេ»។

ជាមួយគ្នានេះ លោកស្រីបានអំពាវនាវឱ្យបណ្តាប្រទេស ដែលបាននិងកំពុងទទួលជនភៀសខ្លួនស៊ីរី រាប់លាននាក់ ជៀសវាងការបញ្ជូនពួកគេ ត្រឡប់ទៅវិញ ដោយប្រញាប់ប្រញាល់។

លោកស្រី Imseis បានបានសង្កត់ធ្ងន់ថា «គ្មាននរណាម្នាក់គួរតែត្រូវបានគេឲ្យត្រឡប់ ទៅប្រទេសស៊ីរីវិញ ដោយបង្ខំ ហើយអះអាងសិទ្ធិរបស់ជនជាតិស៊ីរី ក្នុងការរក្សាសិទ្ធិជ្រកកោន ត្រូវតែទទួលបានការការពារ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner