អាមេរិកថា មិនបានសម្លាប់មេអាវុធគីមីរបស់រុស្ស៊ីទេ
បរទេស ៖ សហរដ្ឋអាមេរិកបានបដិសេធថា មិនជាប់ការជាប់ពាក់ព័ន្ធ នឹងការសម្លាប់ប្រមុខអាវុធគីមី របស់ប្រទេសរុស្ស៊ី នោះទេ។ មន្ត្រីជាន់ខ្ពស់រូបនេះ ត្រូវបានសម្លាប់ កាលពីថ្ងៃអង្គារ នៅទីក្រុងមូស្គូ។
លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេស របស់សហរដ្ឋអាមេរិក បាននិយាយយ៉ាងខ្លីថា «មិនមែនជារឿង ដែលសហរដ្ឋជាប់ពាក់ព័ន្ធនោះទេ»។
មន្ត្រីរុស្ស៊ី និងអ៊ុយក្រែនបាននិយាយថា លោក Igor Kirillov ត្រូវបានសម្លាប់រួមជាមួយនឹងជំនួយការម្នាក់ នៅពេលដែលឧបករណ៍បំផ្ទុះភ្ជាប់ទៅនឹងម៉ូតូស្កូតឺរ បានធ្លាក់នៅខាងក្រៅអគារផ្ទះល្វែងមួយកន្លែង នៅភាគអាគ្នេយ៍ នៃទីក្រុងមូស្គូ។
លោក Kirillov អាយុ ៥៤ ឆ្នាំគឺជាប្រធានអង្គភាពអាវុធគីមី ជីវសាស្រ្ត និងវិទ្យុសកម្មរបស់កងទ័ពរុស្ស៊ី ហើយថ្មីៗនេះ លោកត្រូវបានប្រទេសអង់គ្លេសដាក់ទណ្ឌកម្ម លើការចោទប្រកាន់ថា បានប្រើប្រាស់អាវុធគីមី នៅក្នុងប្រទេសអ៊ុយក្រែន។
ប្រភពមួយចេញពីសេវាសន្តិសុខ SBU របស់អ៊ុយក្រែនបានប្រាប់ AFP ថា ខ្លួននៅពីក្រោយការផ្ទុះនេះ ហើយបានហៅថាជា «ប្រតិបត្តិការពិសេស» ដោយចាត់ទុកលោកប្រមុខអាវុធគីមីរុស្ស៊ី រូបនេះថា ជា «ឧក្រិដ្ឋជនសង្គ្រាម» ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត