មិនបន្ធូរដៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តជំរុញបណ្ដុះបណ្ដាលវិជ្ជាជីវៈជំនាញដល់យុវជន
បន្ទាយមានជ័យ៖នៅសាលប្រជុំវិទ្យាស្ថាពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ក្រុងសិរីសោភ័ណកាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំប្រចាំឆ្នាំ និងការពង្រឹងសមត្ថភាពស្តីពីបូកសរុបលទ្ធផលការងារ លើកទិសដៅបន្ត និងយន្តការគ្រប់គ្រងគណៈកម្មាធិការបណ្ដុះបណ្ដាលលើវិស័យការងារនិងការជំរុញចុះឈ្មោះចូលរៀន ។
លោក យឹម សំណាង អភិបាលរងខេត្តដែលអញ្ជើញចូលរួមអធិបតីក្នុងកិច្ចប្រជុំបានបញ្ជាក់អំពីយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈជំនាញពិតប្រាកដដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីឱ្យពួកគេទទួលបានឱកាសការងារ និងបង្កើតការងារដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ។លោកអភិបាលរង បានស្នើសុំគ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធ ពិសេសអាជ្ញាធរក្រុង ស្រុក ទាំង៩ចូលរួមសហការ និងសម្របសម្រួលដល់វិទ្យាស្ថានក្នុងការចុះផ្សព្វផ្សាយជ្រើសរើសសិស្សឱ្យចុះឈ្មោះចូលរៀនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ។
លោកស្រី សំរិទ្ធ សូរ្យជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានឱ្យដឹងថាវិទ្យាស្ថានពហុបច្ចេកទេស ខេត្តឆ្នាំសិក្សា២០២០-២០២៣ បានបណ្ដុះបណ្ដាលគ្រប់កម្រិតជំនាញដល់សិស្សចំនួន៣.៣៥៩ និងឆ្នាំសិក្សា២០២៤បានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កម្មវិធីស្ពានចម្លង កម្រិតសញ្ញាបត្របច្ចេកទេស និងបរិញ្ញាបត្ររងសរុបចំនួន ៣១២នាក់( ស្រី៩៩នាក់) ។
លោកស្រីនាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្តថា វិទ្យាស្ថានបាននិងកំពុងបន្តបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យដោយមិនបង់ថ្លៃសិក្សា និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ។វិទ្យាស្ថានអនុវត្តបានចំនួន២.៤៩៥នាក់( ស្រី៦៥០នាក់), សិស្សគោលដៅ៧៧៤នាក់ (ស្រី ៤៣៧នាក់), សិស្សបញ្ចប់ការសិក្សា ៧៧៩នាក់ (ស្រី១៤៨នាក់) លើ១២មុខជំនាញ។
វិទ្យាស្ថានបានចុះសិក្សាតម្រូវការ និងការប្រើប្រាស់កំលាំងពលកម្មជំនាញនៅតាម ក្រុមហ៊ុន សហគ្រាស ឧស្សាហកម្មក្នុងខេត្ត ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត និងបានចុះអនុស្សរណៈជាមួយក្រុមហ៊ុន និងសហគ្រាសតូច ធំ ផ្សេងៗទៀត ដើម្បីបញ្ជូនសិស្សចុះកម្មសិក្សា និងជាការផ្តល់ឱកាសការងារដល់សិស្សរៀនចប់៕
ដោយ៖ គៀន ច័ន្ទហ៊ីន