ស្ថានីយជញ្ជីងថ្លឹងរថយន្ត “អចល័តបណ្តោះអាសន្ន-ពុកឆ្មារ” ឆ្នាំនេះបានត្រួតពិនិត្យយានយន្តជាង១១ម៉ឺនគ្រឿង

បាត់ដំបង៖ជាចំនួនដ៏ក្រាស់ក្រែល គិតត្រឹមរយៈពេល១១ខែ ស្ថានីយ​ជញ្ជីងថ្លឹងរថយន្តអចល័ត​បណ្តោះអាសន្ន​ពុកឆ្មារ​ខេត្ត​បាត់ដំបងបាន​ធ្វើការ​ត្រួតពិនិត្យរថយន្តសរុបជាង១១ម៉ឺនគ្រឿង។ក្នុងនោះបាន​រកឃើញ​រថយន្តដឹកលើសទម្ងន់មួយចំនួន ។

លោក ហេង ប៊ុនលី ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តអចល័តបណ្តោះ​អាសន្នពុកឆ្មារខេត្តបាត់​​ដំបងបានបង្ហាញពី​វឌ្ឍន​ភាពការងារថា រយៈ​ពេល១១ខែក្នុងឆ្នាំ២០២៤នេះស្ថានីយបានត្រួតពិនិត្យរថយន្ត​ជាង​១១ម៉ឺនគ្រឿង ក្នុងនោះបានរក​ឃើញរថយន្តដឹកលើសទម្ងន់ចំនួន ៦០គ្រឿង ព្រមទាំងបានចាប់ឃាត់ទុករយៈពេល១ឆ្នាំ ចំពោះ​រថយន្ត​ល្មើស ក្នុងការដឹក​លើសទម្ងន់មានកម្រិតលើសពី២០ភាគរយ បានចំនួន១៦គ្រឿង។

ស្ថានីយជញ្ជីងថ្លឹងរថយន្តអចល័តបណ្តោះអាសន្នពុកឆ្មារ បានបង្កើត​ឡើងរយៈពេលជាង៣ឆ្នាំមកហើយ។ចាប់ពី ខែកញ្ញា ឆ្នាំ២០២១​រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថានីយបានត្រួតពិនិត្យយានយន្តជាង ៣៦ម៉ឺនគ្រឿង ក្នុងនោះបាន​ធ្វើការ​ផាក​ពិន័យ និងបានឃាត់ទុករយៈ​ពេល១ឆ្នាំ ចំពោះរថយន្តដែលផ្ទុកលើសទម្ងន់​ក្នុងកម្រិតលើស​ពី២០ភាគ​រយ មានចំនួន​​​៥៩គ្រឿង។

ពាក់ព័ន្ធករណីរថយន្តចូលស្ថានីយ ហើយមិនបានថ្លឹង ត្រូវបាន​លោកប្រធានស្ថានីយពន្យល់ថា ដោយសារជាស្ថានីយ​អចល័ត​បណ្ដោះអាសន្ន មានជញ្ជីងថ្លឹងខ្នាតតូចពាក់កណ្ដាលស្វ័យប្រវត្តិ ។ដូច្នេះថ្លឹងតែរថយន្តណា ដែលមាន​ការសង្ស័យដឹកលើសទម្ងន់តែ​ប៉ុណ្ណោះ ។ចំណែករថយន្តដែលមិនបានថ្លឹងភាគច្រើនជា រថយន្តទទេរ, រថយន្តប្រេងឥន្ធនៈ,រថយន្តដឹកសម្ភារៈ ដែលមានវិក្កយ​បត្រចេញ​ពីក្រុមហ៊ុន និងរថយន្តដែលបានថ្លឹងនៅស្ថានីយផ្សេងៗរួចហើយ។

ព្រមជាមួយគ្នានោះ លោក ហេង ប៊ុនលី បានអំពាវនាវដល់ម្ចាស់​រថយន្តធុនធំ ដែលកំពុងប្រកបអាជីវកម្មដឹក​ជញ្ជូន សូមចូលរួមគោរព​តាមច្បាប់កំណត់ គឺមិនត្រូវផ្ទុកទំនិញលើសទម្ងន់ហួសកម្រិតដែល​កំណត់នោះទេ។

សូមបញ្ជាក់ថា ស្ថានីយជញ្ជីងថ្លឹងរថយន្តពុកឆ្មារខេត្តបាត់ដំបង មានទីតាំងស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិ​ដំបូកខ្ពស់ ឃុំអូរដំបង ស្រុកសង្កែ ។ជាស្ថានីយជញ្ជីងអចល័តបណ្ដោះអាសន្ន។ស្ថានីយថ្មី​ដែលមានលក្ខណៈស្ដង់ដារ បាននិងកំពុងសាងសង់ ដោយក្រុមអ្នកជំនាញការជប៉ុន ស្ថិតនៅចំណុចអូរសណ្ដាស់ ក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង៕
អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប.

ads banner