ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ស្ថាបត្យករត្រូវរួមគ្នា លើកស្ទួយ និងគ្រប់គ្រងវិស័យសំណង់នៅ កម្ពុជាឱ្យកាន់តែស្រស់ស្អាត និងលំនៅដ្ឋានសមរម្យ
(ភ្នំពេញ)៖ ពេលវេលារបស់យើងនាពេលនេះ គឺប្រែក្លាយទីកន្លែងប្រជុំជន និងទីក្រុងរបស់យើងឱ្យសក្តិសមទៅនឹងអ្វីដែលស្របទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិ ហើយពេលនេះជាឱកាសល្អបំផុតសម្រាប់យើងកសាងប្រទេសដោយធ្វើយ៉ាងណាឱ្យប្រទេសយើងស្រស់ស្អាត និងមានលំនៅដ្ឋានសមរម្យគួរជាទីរស់នៅ ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាល និង ពិសារអាហារជាមួយបណ្តា ស្ថាបត្យករកម្ពុជា និងភាគីពាក់ព័ន្ធ នៅសណ្ឋានគារTRIBE Phnom Penh Post Pffice Square រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៤ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ស្ថាបត្យករ ឬវិស្វករទាំងអស់ បើកចិត្តឱ្យទូលាយ ទទួលយកភាពច្នៃប្រឌិត ដើម្បីជំរុញឱ្យស្ថាបត្យកម្មខ្មែរនាសហសម័យរបស់កម្ពុជាកាន់តែរីកចម្រើន។ក្រុមវិស្វករកម្ពុជាដែលមានសមត្ថភាព ដែលក្នុងនេះរួមទាំងអ្នកធ្វើការនៅបរទេស និងវិស្វករល្បីៗកំពុងបម្រើលើវិស័យសំណង់នៅកម្ពុជាគួររួមគ្នាអភិវឌ្ឍន៍វិស័យសំណង់នៅកម្ពុជា ។ វិស្វករត្រូវមានស្មារតីចូលរួមផ្តល់ការណែនាំ និងចូលរួមរៀបចំទីតាំងលំហសាធារណៈនានា ក្នុងប្រទេសរបស់យើងឱ្យបានស្របទៅតាមតម្រូវការ និងសម័យកាល ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានឱ្យដឹងបន្ថែមថា ក្នុងរាជធានីភ្នំពេញរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំគឺជាតំបន់បេះដូង និងជាតំបន់សំខាន់មួយរបស់កម្ពុជាដែលយើងគប្បីរួមគ្នាធ្វើការកែច្នៃ និងផ្លាស់ប្តូរតំបន់នេះជាទីកន្លែងដ៏ជាទីមនោរម្យសម្រាប់បម្រើលើវិស័យទេសចរណ៍ក៏ដូចជាកន្លែងកម្សាន្តដ៏ល្អមួយសម្រាប់ពលរដ្ឋក្នុងរាជធានីភ្នំពេញ។ តំបន់ប្រវត្តិសាស្រ្តដ៏ល្បីល្បាញនេះនៅពេលយើងធ្វើការកែច្នៃ វានឹងផ្លាស់ប្តូរមុខមាត់ថ្មីដល់យើងពិសេសគឺការកសាងនូវសហសម័យថ្មីនៃវិស័យសំណង់នៅកម្ពុជា។

ក្នុងពិធីនេះក៏មានការធ្វើបទបង្ហាញពី មន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ពីសំណាក់ លោក ជុំ បុរីជំនួយការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណាង់ ដោយបានចែករំលែកពីប្រព័ន្ធគ្រប់គ្រងនិងរៀបចំទីក្រុង និងលោក ហេងរស្មី យុវជនស្ម័គ្រចិត្តបានធ្វើបទបង្ហាញពីគម្រោងកែលម្អ តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំព្រះរាជទ្រព្យ(ភ្នំឧដុង្គ)ជាដើម ។

សម្រាប់ក្នុងពិធីនេះដែរគេឃើញមានការចូលរួមពីសំណាក់ ឯកឧត្តម ហង្ស សុតសំភារ អគ្គលេខាធិការ គណៈស្ថាបត្យករកម្ពុជា ឯកឧត្តម ម៉ម សុផាណា ទីប្រឹក្សា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងការចូលរួមពីស្ថាបត្យករល្បីៗឈ្មោះរបស់កម្ពុជាមួយចំនួនទៀតក៏បានបង្ហាញពីការរីកចម្រើន និង ប្តេជ្ញាចិត្តចូលរួមចំណែកក្នុងការលើកស្ទួយវិស័យសំណង់កម្ពុជាឱ្យមានការអភីវឌ្ឍន៍ជឿនលឿន និងកសាងនូវសហសម័យថ្មីនៃវិស័យសំណង់នៅកម្ពុជា៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក គ្រី សម្បត្តិ


