ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធស្នើរាជរដ្ឋាភិបាលបង្កើតច្បាប់ភេរវកម្មដាក់ក្រុមឧទ្ទាមជ្រុលនិយមទៅជាក្រុមភេរវករ
ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល បានស្នើសុំដល់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បង្កើតច្បាប់ភេរវកម្មដាក់ក្រុមឧទ្ទាមជ្រុលនិយមទៅជាក្រុមភេរវករ ដើម្បីរក្សាបាននូវស្ថេរភាពនយោបាយ និងគាំទ្រទៅដល់រាជរដ្ឋាភិបាលក្នុងការតាក់តែងច្បាប់ភេរវកម្ម។
លោក ហេង សំណាង ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល បានថ្លែងថា បច្ចុប្បន្នប្រជាពលរដ្ឋ បណ្តាអង្គការសមាគម យុវជនសង្គមស៊ីវិល បណ្តាគណបក្សនយោបាយបានសំណូមពរទៅដល់រាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីពិនិត្យលទ្ធភាពក្នុងការតាក់តែងច្បាប់ភេរវកម្មដាក់ក្រុមជ្រុលនិយមទៅជាក្រុមភេរវករ ពីព្រោះភេរវកម្ម គឺជាទង្វើមួយទាំងជាតិ និងអន្តរជាតិ រួមទាំងពិភពលោកទាំងមូលចាត់ទុកជាក្រុមខុសច្បាប់ ដោយមានការព្រួយបារម្ភដោយសារតែក្រុមនេះ មានចរិតកាចសាហាវក្នុងការបង្ហូរឈាម ក៏ដូចជាការញុះញង់បង្កើតភ្លើងសង្គ្រាម។ ចំពោះប្រទេសកម្ពុជាដែលមានទណ្ឌិតក្បត់ជាតិភៀសខ្លួននៅក្រៅប្រទេស គឺមិនដែលបានចោលចរិតដ៏កាចសាហាវរបស់ខ្លួននោះទេ ហើយតែងតែបំផុសបំផុលឱ្យបង្កើតនូវភ្លើងសង្គ្រាមផ្តួលរំលំរាជរដ្ឋាភិបាល ឬក៏ចង់ធ្វើបដិវត្តន៍ពណ៌។
លោក ហេង សំណាង បានបន្តថា ក្នុងនាមជាក្រុមយុវជនស្នើសុំ ឬក៏សំណូមពរដល់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បង្កើតច្បាប់ភេរវកម្មដាក់ក្រុមឧទ្ទាមជ្រុលនិយមទៅជាក្រុមភេរវករ ក្នុងការរក្សាបាននូវស្ថេរភាពនយោបាយ សង្គម វឌ្ឍនភាពប្រទេសកម្ពុជា ពីព្រោះក្រុមយុវជនមិនចង់ឃើញភ្លើងសង្គ្រាម និងមានអស្ថេរភាពក្នុងប្រទេសនោះទេ។ សូមថ្កោកទោស ក៏ដូចជាគាំទ្រទៅដល់រាជរដ្ឋាភិបាលពិនិត្យមើលយន្តការណាមួយដើម្បីតាក់តែងច្បាប់ភេរវកម្ម។
ជាមួយគ្នានេះ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល បានសម្តែងនូវការព្រួយបារម្ភចំពោះយុទ្ធសាស្ត្ររបស់ក្រុមជ្រុលនិយមដែលមានមេដឹកនាំក្បត់ជាតិនៅពីក្រោយដែលបានបំផុសបំផុលនៅចលនាខុសច្បាប់ ក៏ដូចជាធ្វើសកម្មភាពមិនស្របទៅតាមនីតិវិធីនៃច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបានបំផុសឱ្យប្រជាពលរដ្ឋធ្វើជាចលនាយកគំរូតាមប្រទេសបង់ក្លាដេស និងស៊ីរី។ អ្វីដែលទណ្ឌិតក្បត់ជាតិបំផុសបំផុល គឺមានលក្ខណៈជាចរិតញុះញង់ដុតបញ្ជេះកំហឹងបង្កប់នៅហិង្សានិយម ក៏ដូចជាក្រុមឧទ្ទាម ហើយថ្មីៗនេះ បានបង្កើតនៅកម្មវិធីនយោបាយដ៏ខ្មៅកង្វក់ គឺយុទ្ធសាស្ត្រផ្ការីក៕
ដោយ៖ពលជ័យ