សម្ដេចធិបតី កោតសសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន និងជោគជ័យរបស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Ratchayut Kasemchaisiri ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពនៃឧស្សាហកម្មស៊ីម៉ង់ត៍ ដែលបច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនដែលជាសមាជិកសមាគមបាននិងកំពុងបោះទុនវិនិយោគសរុបប្រមាណជាង ១.២ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណជាង ២ ៧០០កន្លែង ដែលក្នុងនោះមានប្រមាណជាង ១ ៩០០នាក់គឺជាកម្លាំងពលកម្មក្នុងស្រុក។ សមាគមមានលទ្ធភាពផលិត និងចែកចាយស៊ីម៉ង់ត៍ ដើម្បីបំពេញតម្រូវការនៅក្នុងស្រុកផង និងសម្រាប់នាំចេញទៅតាមបណ្ដាប្រទេសជិតខាងមួយចំនួនផង ហើយថ្មីៗនេះ សមាគមក៏បានក្លាយជាសមាជិកសហព័ន្ធក្រុមហ៊ុនផលិតស៊ីម៉ងត៍អាស៊ាន (AFCM) ផងដែរ។
ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន និងជោគជ័យរបស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ និងលទ្ធភាពក្នុងការផ្គត់ផ្គង់ស៊ីម៉ង់ត៍ប្រកបដោយគុណភាព និងតម្លៃសមរម្យ។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ, វិធានការ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ដើម្បីធានាដល់ភាពជោគជ័យ, បរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់បណ្ដាក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ផងដែរ។
តបតាមសំណូមពររបស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា, សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ក្នុងស្រុក ព្រមទាំងប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងរ៉ែ និងថាមពល ធ្វើការសិក្សាលើវិធានការមួយចំនួនបន្ថែមទៀត ដើម្បីលើកយោបល់សុំការសម្រេចពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងការរីកចម្រើននៃឧស្សាហកម្មស៊ីម៉ង់ត៍ ក្នុងការផលិតស៊ីម៉ង់ត៍ក្នុងស្រុកដែលមានគុណភាពខ្ពស់ និងតម្លៃសមសមរម្យ ដើម្បីជួយជាប្រយោជន៍បន្ថែមដល់ប្រជាពលរដ្ឋកម្ពុជាដែលជាអ្នកប្រើប្រាស់៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត





