វៀតណាមមើលឃើញកំណើននាំចេញកៅស៊ូក្នុងឆ្នាំ ២០២៤
ហាណូយ ៖ ទីផ្សារនាំចេញកំពូលទាំង១៥ របស់កៅស៊ូវៀតណាម បានមើលឃើញកំណើនតម្លៃក្នុងឆ្នាំ ២០២៤ ដោយម៉ាឡេស៊ីបានកត់ត្រាពីការកើនឡើងខ្ពស់បំផុត រហូតដល់ទៅ ៥ដង។ នេះបើតាមសារព័ត៌មាន Vietnam News ដកស្រង់សម្តីរបស់សមាគមកៅស៊ូវៀតណាម ចេញផ្សាយកាលពីថ្ងៃពុធ។
សមាគមកៅស៊ូវៀតណាមបានគូសបញ្ជាក់ថា ប្រទេសចិននៅតែជាទីផ្សារនាំចេញកៅស៊ូដ៏ធំបំផុតរបស់វៀតណាម ដែលមានចំនួន ៦៧.៦ភាគរយនៃចំណែកទីផ្សារសរុប។
សមាគមកៅស៊ូវៀតណាមបន្ថែមថា ភាគច្រើនការនាំចេញកៅស៊ូធម្មជាតិ និង ផលិតផលពាក់កណ្តាលកែច្នៃរបស់វៀតណាមទៅកាន់ចិន ខណៈដែលកៅស៊ូកែច្នៃសម្រេច បានរួមចំណែកតិចតួចប៉ុណ្ណោះ។
ទីផ្សារកៅស៊ូសំខាន់ៗផ្សេងទៀតរបស់វៀតណាម គឺឥណ្ឌាមានចំនួន ៧,៧ភាគរយ, សហភាពអឺរ៉ុប ៦ភាគរយ និងកូរ៉េខាងត្បូង ២,៥ភាគរយ។
ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ ២០២៤ ការនាំចេញកៅស៊ូរបស់វៀតណាមបានធ្លាក់ចុះ ៦ភាគរយនៃបរិមាណសរុប ប៉ុន្តែតម្លៃកើនឡើង ១៧.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា