ថៃជាប្រទេសអាស៊ានទី២ ចូលរួមបេសកកម្មស្រាវជ្រាវឋានព្រះចន្ទជាមួយអាមេរិក

ថៃបានក្លាយជាប្រទេសទី២ នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីសង្ហិបុរី ហើយក៏ជាប្រទេសទី៥១ ក្នុងពិភពលោក ដែលចូលរួមជាមួយបេសកកម្មស្រាវជ្រាវ និងបោះមូលដ្ឋានមនុស្សលើឋានព្រះចន្ទ មានឈ្មោះថា Artemis ដឹកនាំដោយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Space News។

សារព័ត៌មាន UPI បានរាយការណ៍ថា ភាពជាដៃគូនេះ កើតឡើងបន្ទាប់ពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានវិទ្យា និងអវកាសថៃ ហៅកាត់ GISTDA ដែលជាទីភ្នាក់ងារអវកាសរបស់ប្រទេសថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Artemis នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃចន្ទទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតអាមេរិក និងមន្ត្រីផ្សេងទៀតមកពីរដ្ឋាភិបាលថៃ។

ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Space & Defence បានឱ្យដឹងថា កាលពីឆ្នាំ ២០២០ អង្គការ NASA, ក្រសួងការបរទេសអាមេរិក និងប្រទេសហត្ថលេខីដំបូងចំនួន៧ផ្សេងទៀត បានចុះហត្ថលេខារួមគ្នាបង្កើតកិច្ចព្រមព្រៀង Artemis ឡើងជាផ្លូវការ។ Artemis ជាសំណុំនៃគោលការណ៍លើកកម្ពស់ការប្រើប្រាស់លំហអវកាសប្រកបដោយអត្ថប្រយោជន៍ សម្រាប់មនុស្សជាតិ។

ប្រភពបានឱ្យដឹងទៀតថា កិច្ចព្រមព្រៀង Artemis មានមូលដ្ឋានរួចជាស្រេច ស្របនឹងសន្ធិសញ្ញាអវកាសខាងក្រៅ (Outer Space Treaty) និងកិច្ចព្រមព្រៀងផ្សេងៗទៀតជាលក្ខណៈអន្តរជាតិ ដែលមានអនុវត្តន៍យ៉ាងល្អបំផុត និងបទដ្ឋាននៃអាកប្បកិរិយា ប្រកបដោយការទទួលខុសត្រូវដែល NASA និងដៃគូរបស់ខ្លួនបានគាំទ្រ ក្នុងនោះក៏រួមមានទាំងការចេញផ្សាយទិន្នន័យវិទ្យាសាស្ត្រជាសាធារណៈ៕

ប្រភព ៖ Space News, UPI និង Space & Defence ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner