អភិបាលរងរាជធានីភ្នំពេញ ៖ បើទោះបីប្រជាពលរដ្ឋមិនចេះអក្សរ បងប្អូនក៏អាចទៅរៀន ប្រឡងយកប័ណ្ណបើកបរបានដែរ

(ភ្នំពេញ)៖ ខណ្ឌចំការមនគឺជាខណ្ឌទី១៤ ហើយក៏ជាខណ្ឌចុងក្រោយបង្អស់ ដែលត្រូវបានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងរយៈពេល១ឆ្នាំម្តង ដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋបានដឹងពីសមិទ្ធិផលនានាដែលរដ្ឋបាលរាជធានីភ្នំពេញសម្រេចបាន និងបញ្ហាប្រឈម និងស្តាប់ពីសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយជូនពួកគាត់។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាព្រឹកថ្ងៃទី១៩ ធ្នូនេះ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោមអធិបតីឯកឧត្ដម ជួប ខុន សមាជិកក្រុមប្រឹក្សា តំណាង ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។

ក្នុងវេទិកានេះប្រជាពលរដ្ឋរស់នៅភូមិ១៤ សង្កាត់ទន្លេបាសាក់ បានលើកឡើងពីកង្វល់របស់គាត់ថា «គាត់មិនចេះអក្សរតើអាចទៅរៀននិងធ្វើប័ណ្ណបើកបរបានឬទេ ? ព្រោះគាត់ជាអ្នករត់កង់បីចង់បានប័ណ្ណបើកបរ»។

ពាក់ព័ន្ធនឹងសំណួរនេះ ឯកឧត្ដម ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បញ្ជាក់ថា បើទោះបីប្រជាពលរដ្ឋមិនចេះអក្សរ បងប្អូនក៏អាចទៅរៀន ប្រឡងយកប័ណ្ណបើកបរបានដែរ មិនមែនជាបញ្ហាទេ ដោយផ្អែកតាមច្បាប់ រាជដ្ឋាភិបាល និងក្រសួងសាធារណៈការនិងដឹកជញ្ជូន ក៏ដូចជាឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យើងបានចងក្រងជាមួយវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាបងប្អូនរត់ម៉ូតូកង់បី និងជាមួយក្រុមផ្សេងទៀត ដោយឯកឧត្ដមអភិបាលតែងបានណែនាំអោយមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីជួយបណ្តុះបណ្តាលនិងធ្វើប័ណ្ណបើកបរជូនបងប្អូន ដើម្បីអោយបងប្អូនចេះច្បាប់ចរាចរណ៍ ។

ឯកឧត្ដម ឯក ឃុនដឿន លើកឡើងទៀតថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ មានសំណួរ ផ្ទាល់មាត់របស់ប្រជាពលរដ្ឋតែម្នាក់គត់ ជាមួយនិងសំណូមពរជាលាយលក្ខណ៍អក្សរចំនួន៧ច្បាប់ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញយក ទៅធ្វើការពិចារណា កែលម្អ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេស ប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់ ខណ្ឌរបស់ខ្លួនឱ្យកាន់តែមាន ភាពល្អប្រសើរ ។

ឯកឧត្ដម ជួប ខុន មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ គឺជាការផ្តល់ឱកាស ជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលរាជធានីភ្នំពេញ ជាមួយរដ្ឋបាលខណ្ឌ សង្កាត់ ប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីផ្លាស់ប្តូរនូវ បទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាព នៃការអភិវឌ្ឍន៍រាជធានីភ្នំពេញ ប្រកបដោយ ចីរភាព តម្លាភាព ប្រសិទ្ធភាព និងបរិយាបន្ន ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner