កម្ពុជា ចូលរួមប្រឆាំងអំពើជួញដូរមនុស្ស ក្នុងយុគសម័យឌីជីថល
(សៀមរាប)៖ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ “កម្ពុជា ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” ត្រូវបានប្រព្រឹត្តទៅនៅសាលសន្និសីទ្ធសុខាសៀមរាប ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការការនិមន្ត និងចូលរួមពីព្រះសង្ឃ, អាជ្ញាធរ, អង្គការដៃគូជាតិ និងអន្តរជាតិ, កងកម្លាំងសន្តិសុខ, លោកគ្រូ, សិស្ស, យុវជន, និងប្រជាពលរដ្ឋជាង ១,០០០នាក់ ។
តាមរបាយការណ៍របស់ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ស្ដីពីលទ្ធផលប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងថា រយៈពេល ១០ខែ ឆ្នាំ២០២៤ បានកត់ត្រាករណីជួញដូរមនុស្ស ចំនួន ១៤ករណី ដែលមាន ជនសង្ស័យ ២២នាក់ ត្រូវបានឃាត់ខ្លួន បូករួមជនជាតិអាមេរិក ១នាក់ ។ សមត្ថកិច្ច ក៏បានបំពេញបេសកកម្ម សន្សំស្ថានភាពសិទ្ធិមនុស្ស ដោយបង្ក្រាបបទល្មើសផ្លូវច្បាស់លាស់ និងការសហការជាមួយបណ្ដាអង្គភាព និងស្ថាប័នពាក់ព័ន្ធ ដើម្បីការពារជនរងគ្រោះ ។
លោកជំទាវ ជូ ប៊ុនអេង បានអះអាងថា ការប្រារព្ធទិវានេះ មានគោលបំណងផ្សព្វផ្សាយការយល់ដឹង អំពីការប្រឆាំងអំពើជួញដូរមនុស្ស ដែលកំពុងប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។
លោកជំទាវក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការការពារ និងសង្គ្រោះជនរងគ្រោះ ព្រមទាំងការចាប់ផ្តើម នូវសកម្មភាពស៊ើបអង្កេត បង្ក្រាប និងផ្តន្ទាទោសទៅលើជនល្មើស ។
លោកជំទាវ បានអំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយ និងប្រជាជនទាំងអស់ ចូលរួមសហការ ក្នុងការចែករំលែកព័ត៌មានពិតពីកម្ពុជា និងបង្ការអំពើជួញដូរមនុស្ស។ កម្ពុជា ប្តេជ្ញាប្រឆាំងដាច់ខាត នឹងអំពើជួញដូរមនុស្ស គ្រប់ទម្រង់ និងមធ្យោបាយ ៕
ដោយ ៖ វណ្ណលុក