វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤នៅស្រុក អង្គរធំ

សៀមរាប៖នៅបរិវេណពុទ្ធមណ្ឌលវិសបស្សនាអន្តរជាតិ កម្ពុជា  ឃុំ​លាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប កាលពីព្រឹក​ថ្ងៃ​ទី២០ ខែធ្នូ ឆ្នាំ​២០២៤​រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា​ខេត្ត អាណត្តិទី៤ គោលដៅទី៨ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សារី អភិបាលរងខេត្តតំណាង​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដោយមានអ្នកចូល​រួមយ៉ាងច្រើនកុះករ ។

នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ប្រជាពលរដ្ឋបានលើក​ឡើងពីទុក្ខកង្វល់ លើបញ្ហាដីធ្លីក្នុងតំបន់១និងតំបន់២ (តំបន់រមណីយ​ដ្ឋានអង្គរ)ផ្តោតលើការផ្ទេរកេរ្តិ៍មរតកដីធ្លី ពីឪពុកម្តាយ ជីដូនជីតាមក​ឱ្យកូនចៅ ,ការស្មើសុំធ្វើបណ្ណ(ប.ស.ស)បណ្ណសមធម៌ , អំពីតម្លៃក​សិ​ផល (ស្រូវ និង ដំឡូង ) និងសុំបញ្ចុះតម្លៃសេវាព្យាបាល ដែលជាតម្រូវ​ការរបស់ប្រជាពល​រដ្ឋរស់នៅស្រុកអង្គរធំ ។

ឆ្លើយតបទៅនឹងសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សាខេត្ត និង លោកអភិបាលរងខេត្ត និងមន្រ្តីនៃមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានធ្វើការបំភ្លឺចំពោះសំណួរ សំណូមពរនិងក្តីកង្វល់ដែលប្រជាពលរដ្ឋ​លើកជាក់ស្ដែងចំនួន ១៤ ។ ដោយឡែកចំពោះសំណួរសំណូមពរជាលាយលក្ខណ៍អក្សរចំនួន ១២ នៅមិនទាន់​បានឆ្លើយ​បំភ្លឺ ក្រុមប្រឹក្សាខេត្តនឹងប្រមូលយកទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតប និងជម្រាប​ជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ម្ចាស់សំណួរនៅ​តាមមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តម លី សំរិទ្ធ បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោ​បល់នេះផ្តល់ឱកាសជូនប្រជាពលរដ្ឋបានប្រាស្រ័យ​ទាក់ទងគ្នាទៅ​វិញទៅមករវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីផ្លាស់​ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការ​អភិវឌ្ឍខេត្ត​ប្រកបដោយ ចីរភាព និងប្រសិទ្ធភាព។

ចំណែកលោក លី សារី បានកោតសរសើរ ចំពោះប្រជាពលរដ្ឋ​ក្នុងស្រុកអង្គរធំ ដែលបានលើកឡើងនូវសំណើរ និងសំណូម​ពរយ៉ាងផុសផុល ដែលនេះសបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋមាន​ជំនឿទុកចិត្ត ជាមួយរដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការ​ដោះស្រាយនូវបញ្ហា​ប្រឈម និងសំណូមពររបស់បងប្អូន។
                             ដោយ៖​ប៊ុន​រដ្ឋា

ads banner