កម្ពុជា និងហ្វីលីពីន ចាត់ទុកដំណើរការជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុងម៉ានីលឡើងវិញ នឹងរួមចំណែកធ្វើឱ្យមានកំណើនទេសចរណ៍រវាងប្រទេសទាំងពីរ
(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វីលីពីន បានចាត់ទុកដំណើរការជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុងម៉ានីលឡើងវិញ នឹងរួមចំណែកធ្វើឱ្យមានកំណើនទេសចរណ៍រវាងប្រទេសទាំងពីរ ។
នេះបើតាមសេចក្ដីប្រកាសព័ត៌មានអំពីលទ្ធផលនៃជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ។
ភាគីទាំងពីរ អះអាងសាជាថ្មីអំពីទំនាក់ទំនងយូរអង្វែង និងរឹងមាំរវាងកម្ពុជា និងហ្វីលីពីន និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកឡើងវិញនូវកិច្ចពិភាក្សាប្រកបដោយលទ្ធផលផ្លែផ្ការវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប្រធានាធិបតី Ferdinand Marcos Jr. ក្នុងខែកញ្ញា ឆ្នាំ២០២៣ និងខែមីនា ឆ្នាំ២០២៤។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូត អំពីការរៀបចំដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ទៅប្រទេសហ្វីលីពីននៅឆ្នាំក្រោយ និងបានចាត់ទុកថា ជាឱកាសដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេស លើវិស័យពាណិជ្ជកម្ម និងធុរកិច្ច។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងអំពីលទ្ធផលប្រកបដោយ ផ្លែផ្កានៃកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះ កម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងខែសីហាឆ្នាំ២០២០នេះ ហើយបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហ ទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការតភ្ជាប់ និងកិច្ចសហការដ៏ល្អប្រសើរក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដូចជាឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតជាដើម។
ឯកឧត្តម ប្រាក់ សុខុន មានសុទិដ្ឋិនិយមថា អង្ករកម្ពុជា នាំចេញទៅហ្វីលីពីន នឹងមានតម្រូវការកាន់តែច្រើនឡើងថែមទៀត។
ចំពោះការតភ្ជាប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត Mayo មានទស្សនៈដូចគ្នាថា ការ ដំណើរការឡើងវិញជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុងម៉ានីល នឹងរួមចំណែកធ្វើឱ្យទំនាក់ ទំនងរវាងប្រជាជន និងប្រជាជនកាន់តែរឹងមាំ ជាមួយនឹងកំណើននៃការផ្លាស់ប្តូរទេសចរណ៍រវាងប្រទេស ទាំងពីរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួងពិសិដ្ឋ