អាមេរិកបង្កើនចំនួនទាហានទ្វេដង នៅក្នុងប្រទេសស៊ីរី

បរទេស៖ មន្ទីរបញ្ចកោណបានប្រកាសថា បច្ចុប្បន្ន អាមេរិកមានទាហានប្រមាណ ២,០០០នាក់ នៅក្នុងប្រទេសស៊ីរី ច្រើនជាងទ្វេដង នៃចំនួនដែលបានបង្ហាញពីមុន ត្រឹម៩០០នាក់ នេះបើតាមអ្នកនាំពាក្យ ក្រសួងការពារជាតិអាមេរិក បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍។

លោក Patrick Ryder លេខាធិការព័ត៌មាន របស់មន្ទីរបញ្ចកោណ បាននិយាយថា កងទ័ពចំនួន ២,០០០នាក់ទាំងនេះ គឺ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម ISIS ។

លោក Ryder បានបន្ថែមថា «កងកម្លាំងបន្ថែមទាំងនេះត្រូវបានចាត់ទុកថា ជាកងកម្លាំងបង្វិល បណ្តោះអាសន្ន ដែលដាក់ពង្រាយ ដើម្បីបំពេញតាមតម្រូវការបេសកកម្មផ្លាស់ប្តូរ ចំណែកអ្នកដាក់ពង្រាយស្នូល គឺ៩០០នាក់ កំពុងដាក់ពង្រាយ រយៈពេលវែង»។

កងទ័ពអាមេរិកផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងរដ្ឋឥស្លាម ISIS ប៉ុន្តែ ត្រូវបានចាត់ថា ជាបញ្ហាសំខាន់មួយប្រឈមមុខនឹងសហគមន៍អន្តរជាតិ បន្ទាប់ពីការដួលរលំនៃរបបលោក Assad ។

មន្ត្រីអាមេរិកបានសង្កត់ធ្ងន់ ម្តងហើយម្តងទៀតថា ក្រុមភេរវករត្រូវតែមិនអាចឆ្លៀតប្រើប្រាស់ ការផ្លាស់ប្តូររបបដ៏លឿន នៅក្នុងប្រទេសស៊ីរី ដើម្បីកសាងប្រទេសឡើងវិញបានទេ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកដាក់ពង្រាយកងកម្លាំង នៅក្នុងប្រទេសស៊ីរី ដើម្បីប្រយុទ្ធប្រឆាំងនឹង ISIS ចាប់តាំងពីឆ្នាំ ២០១៤ ដោយធ្វើការជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដឹកនាំដោយឃឺដ ហៅកាត់ SDF ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner