សម្ដេចធិបតីនាយករដ្ឋមន្រ្តីផ្តល់អំណោយជាស្បៀងមួយចំនួនធំ ដល់​សមាគមអតីត​យុទ្ធជនកម្ពុជាខេត្តកំពង់ធំសម្រាប់​ការងារមនុស្សធម៌

កំពង់ធំ៖ឯកឧត្តម គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​តំណាង​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា បាននាំយកនូវអង្ករ ១០តោន មី ៥០០កេស ត្រីខកំប៉ុង១០០កេស និងទឹកត្រី ទឹកស៊ីអ៊ីវ ១.០០០យួរ ប្រគល់ជូន​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណ:កម្មាធិការ​សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សម្រាប់ធ្វើការងារមនុស្សធម៌ ។

ក្នុងពិធីប្រគល់កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ឯកឧត្តម គីម ប៊ុនថាន មានប្រសាសន៍ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងសម្ដេច​តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្ដេចទាំងទ្វេ​តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់​បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា ។លោកក៏បានអគុណឧត្តម​សេនីយ៍ទោ សោម ស៊ុន ដែលបាន​ខិតខំយ៉ាងសកម្ម ក្នុងការជួយ​ដោះស្រាយការលំបាកខ្វះខាត ជូនដល់បងប្អូនអតីតយុទ្ធជន និងប្រជាជននៅ​តាមបណ្ដា​មូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ ដូច​ភ្លៀងរលឹម ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តែងតែឧបត្ថម្ភ​ស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗ សម្រាប់ជួយ​ដោះស្រាយនូវរាល់ការលំបាកខ្វះខាត ជូនបងប្អូនអតីតយុទ្ធជន និងប្រជាជននៅក្នុងខេត្តកំពង់ធំ៕
ដោយ៖ ប៊ុន រដ្ឋា

ads banner