អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់ និងបង្រ្កាបនៅខេត្តមណ្ឌលគីរី

(មណ្ឌលគិរី)៖ មន្រ្តីឧទ្យានុរក្សនៃការិយាល័យ ដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ និងបានចូលរួមផងពីមន្ត្រី ឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់ទីកន្លែងកើតហេតុហើយរកឃើញទីតាំងលាក់ឈើមានចំនួន០៣ន្លែង ដែលជនសង្ស័យបានលួចលាក់ទុកក្នុងដីមួយកន្លែងនេះ ។ នេះបើតាមមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានតាមបណ្តាញសង្គមតេឡេក្រាមនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ថា សកម្មភាពចុះបង្ក្រាបករណីលាក់ឈើឈើខុសច្បាប់នេះធ្វើឡើងនៅអតីតដីសម្បទានសេដ្ឋកិច្ចមួយកន្លែង នៅខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីសេចក្តីរាយការណ៍អំពីការលួចលាក់ទុកឈើខុសច្បាប់នៅចំណុចស្រែតាអង ភូមិសាស្ត្រ ភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

មន្រ្តីអ្នកនាំពាក្យរូបនេះលើកឡើងថា សមត្ថកិច្ចមានការសង្ស័យក្នុងជំហានដំបូង ថាជនល្មើសអាចកប់ចោលឈើក្នុងដី ក្នុងកំឡុងពេលដែលមានគណៈកម្មធិការថ្នាក់ជាតិចុះការបង្ក្រាបកាលពីឆ្នាំ២០១៥។

ជាលទ្ធផលក្រុមការងារបានបង្ក្រាបនិងដកហូតឈើដូចខាងក្រោម៖

ទី១៖ ទីតាំងដែលជនសង្ស័យបានទុកចោលក្នុងព្រៃល្បោះ ឃើញមានឈើមូលប្រភេទឈ្លីជ ចំនួន ១២កំណាត់ ស្មើនឹង១,៩២ម៉ែត្រត្រីគុណ ដែលមានស្ថានភាពពុកផុយ គុណភាពប្រមាណ ២០%-២៥ភាគរយ។

ទី២៖ ទីតាំងខាងលើជាអតីតរោងស្នាក់នៅរបស់កម្មកររបស់អតីតក្រុមហ៊ុនសម្បទាន មានឈើអារប្រភេទសុក្រម ចំនួន ១៣០សន្លឹក ស្មើ៣,៥២ម៉ែត្រត្រីគុណ ដែលមានស្ថានភាពពុកផុយ គុណភាពប្រមាណ៣០ភាគរយ។

ទី៣៖ ទីតាំងដែលជនស្ស័យបានកប់ក្នុងដីក្រុមការងារបានធ្វើការជីកកកាយរកឃើញឈើមូលចម្រុះចំនួន ១៩កំណាត់ស្មើនឹង ១,៣៨៣ម៉ែត្រគូប គុណភាពប្រមាណ ២០ភាគរយ ។

យោងតាម ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងពេលចុះធ្វើប្រតិបត្តិការកម្លាំងសមត្ថកិច្ចពុំបានប្រទះឃើញជនសង្ស័យនៅកន្លែងកើតហេតុនោះ។ ក្រុមការងារបានប្រមូល វត្ថុតាង មករក្សាទុកនៅស្នាក់ការរងនៃដែនជម្រកសត្វព្រៃភ្នំព្រេច ដើម្បីបន្តចាត់ការតាមនីតិវិធី។

ឯកឧត្តមបានថ្លែងបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការស្នូល ចំនួន៤ចំណុច ដើម្បីគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការលើកកម្ពស់ជីវភាពប្រជាសហគមន៍តាមរយៈការអភិវឌ្ឍគម្រោងលំហែបៃតង៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner