ឯកឧត្តម ឌិត ទីណា ៖ ដំណាំដំឡូងមី ក្រសួងកសិកម្មត្រូវការដៃគូសហការល្អក្នុងការកែច្នៃនាំចេញនូវផលិតផលសម្រេចទៅកាន់ទីផ្សារក្រៅប្រទេស
(ភ្នំពេញ)៖ ក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Sublime China Co.,Ltd នៅទីស្តីការក្រសួងកសិកម្ម កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ពាក់ព័ន្ធនឹងដំណាំដំឡូងមី ក្រសួងកសិកម្មត្រូវការដៃគូសហការល្អក្នុងការកែច្នៃនាំចេញនូវផលិតផលសម្រេចទៅកាន់ទីផ្សារក្រៅប្រទេស ដោយទទួលទិញពីប្រជាកសិករក្នុងតម្លៃសមរម្យ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ រក្សាស្ថិរភាពថ្លៃដល់កសិករ និងអនុវត្តការងារមានលក្ខណៈយូរអង្វែង ។
ឯកឧត្តមរដ្ឋមន្ដ្រី បន្ថែមថា ការងារនេះទាមទារឱ្យមានការសិក្សាឱ្យបានស៊ីជម្រៅ មានផែនការវិនិយោគច្បាស់លាស់ មានស្តង់ដាការងារត្រឹមត្រូវ និងអាចតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃ ដោយមានអ្នកទទួលទិញពីកសិករ អ្នកកែច្នៃផលិតផល និងក្រុមហ៊ុនភស្តុភារកម្ម ដោយក្រសួងនឹងជួយគាំទ្រផ្នែកបច្ចេកទេស និងច្បាប់បទដ្ឋាននានាដើមជួយសម្របសម្រួលឱ្យការវិនិយោគនេះមានលទ្ធផលល្អ រលូន និងជួយដល់ប្រជាកសិករបានយ៉ាងពិតប្រាកដ ។
ជាទិសដៅបន្ត ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍តម្រង់ទិសដល់ក្រុមហ៊ុនចិន បន្តសហការធ្វើការជាមួយក្រសួងកសិកម្មក្នុងការងារនេះ និងបានលើកទឹកចិត្តក្នុងការវិនិយោគនៅប៉ែកឦសានរួមមានខេត្តមណ្ឌលគីរី ខេត្តរតនៈគីរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ។
សូមជម្រាបជូនថា គោលបំណងនៃកិច្ចប្រជុំនេះ គឺពិនិត្យលទ្ធភាពវិនិយោគពីភាគីក្រុមហ៊ុនចិនលើការកែច្នៃដំឡូងមីដោយផ្ទាល់នៅកម្ពុជា និងស្នើការគាំទ្រពីក្រសួងកសិកម្មក្នុងការចូលរួមសហការជាមួយសហគមន៍កសិកម្ម ដើម្បីធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ដំឡូងមី ៕
ប្រភព ៖ ក្រសួងកសិកម្ម