ឡានបុករះចូលផ្សារណូអែលអាល្លឺម៉ង់ស្លាប់និងរបួសមនុស្សច្រើននាក់
បរទេស៖ មនុស្ស២នាក់បានស្លាប់ និង របួសជាង៦០នាក់ទៀត ក្នុងហេតុការណ៍រថយន្តបើកបុកផ្សារបុណ្យណូអែល ក្នុងទីក្រុង Magdeburg ភាគកណ្តាល ប្រទេសអាឡឺម៉ង់ កាលពីយប់ថ្ងៃសុក្រ។
រថយន្តមួយគ្រឿងនេះ បានបើកកាត់ហ្វូងមនុស្ស កំពុងជួបជុំគ្នា ក្នុងល្បឿនលឿន ដោយ អ្នកបើកបរគឺជាបុរសជនជាតិអារ៉ាប៊ី សាអូឌីត ដែលមិនត្រូវបានបញ្ចេញឈ្មោះ។ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ ហើយត្រូវបានដឹងថា បុរសអារ៉ាប់រូបនេះ គឺជាវេជ្ជបណ្ឌិត អាយុ ៥០ឆ្នាំ។
ប្រភពបន្តថា បុរសរូបនេះ មករស់នៅប្រទេសអាល្លឺម៉ង់ តាំងពីឆ្នាំ ២០១៦ ដោយរូបគេបានជួលឡានមួយគ្រឿងនេះ បើកចូលផ្សារ ក្នុងចម្ងាយផ្លូវ ៤០០ម៉ែត្រ នៅវេលាម៉ោង៧យប់។ យ៉ាងណាក៏ដោយ ប៉ូលីសថា ការវាយប្រហារនេះ អាចបង្កឡើង ដោយជនសង្ស័យតែម្នាក់នេះទេ ដោយមិនគិតថា មិនមែនជាអំពើភេរវកម្មធំដុំអ្វីនោះទេ។
ប៉ុន្តែ ហេតុការណ៍នេះបានរំលឹកឡើងវិញ នូវការវាយប្រហាររបស់ក្រុមជីហាដ កាលពីឆ្នាំ ២០១៦ ដោយពេលនោះ បុរស ទុយនីស៊ី ម្នាក់បានបើកឡានដឹកទំនិញ បុកសម្លាប់មនុស្ស ១២នាក់ នៅទីផ្សារបុណ្យណូអែល ក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត