សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ ក្នុងការលើកតម្កើងសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ

តាមរយៈសារលិខិតផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា
ក្នុងដំណាក់កាលណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ ក្នុងការលើកតម្កើងសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន។

សម្តេចធិបតីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវការសារព័ត៌មាន ដែលមានថាមពលប្រកបដោយការទទួលខុសត្រូវ និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ និងអ្នកសារព័ត៌មាន ដែលហ៊ាននិយាយការពិតនិងហ៊ានរិះគន់ក្នុងន័យ ស្ថាបនា ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញនូវគ្រប់តថភាពសង្គម ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង ឬព័ត៌មានក្លែងក្លាយ។ យើងត្រូវការនូវការរួមចំណែក ដើម្បីប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌សង្គម ការកែទម្រង់រដ្ឋបាលសាធារណៈ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការកសាងសង្គមមួយប្រកបដោយភាពយុត្តិធម៌ សុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងដែលជាបំណងប្រាថ្នានិងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចធិបតីបានបន្តថា ជាមួយការគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល នាពេលកន្លងមក សូមកោតសរសើរដោយស្មោះ ចំពោះស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចរបស់ ខ្លួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ នេះបានបង្ហាញឆន្ទៈក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាពនិងការ ក៏សាងប្រទេសឱ្យមានការរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន ដោយសម្លឹងឆ្ពោះទៅបង្គោលចរណ៍ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។

ទន្ទឹមនេះ ខ្ញុំសូមកោតសរសើរចំពោះស្ថាប័នសារព័ត៌មាននិងបងប្អូនអ្នកសារព័ត៌មាន ដែលបានខិតខំពុះពារជម្នះរាល់ឧបសគ្គក្នុងការចុះយកព័ត៌មាន ការចែករំលែកព័ត៌មាន ការផ្សព្វផ្សាយព័ត៌មាន បានលឿនរហ័សទាន់សភាពការណ៍ និងទូលំទូលាយទាំងនៅក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ ដើម្បីបង្ហាញ ពីសភាពការណ៍ពិតនៅកម្ពុជា ពិសេសព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះ ដូចជាព្រឹត្តិការណ៍ នៃការសម្ពោធបើកការដ្ឋានព្រែកជីកហ្វូណនតេជោ និងសារប្រយោជន៍ដែលប្រជាជននិងប្រទេសជាតិយើង នឹងទទួលបានពីព្រែកជីកជាប្រវត្តិសាស្ត្រមួយនេះ និងការរួមចំណែកផ្សព្វផ្សាយ ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម រួមទាំងព្រឹត្តិការណ៍ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលទទួលបានជោគជ័យដ៏ធំធេង នាពេលកន្លងមកនេះ។ សូមថ្លែងអំណរគុណ និងលើកទឹកចិត្តដល់ការរៀបចំដំណើរទស្សនកិច្ចរបស់ អ្នកសារព័ត៌មានទៅតាមបណ្តាខេត្ត-ក្រុងនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយផ្សព្វផ្សាយអំពី «សក្តានុពលទេសចរណ៍នៅកម្ពុជា» ដែលនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យ ទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចធិបតីបញ្ជាក់ថា សមិទ្ធផលដ៏ធំធេង និងជោគជ័យយ៉ាងត្រចះត្រចង់ ដែលរាជរដ្ឋាភិបាលកម្ពុជា ទទួលបាននាពេលកន្លងមក គឺមានការចូលរួមយ៉ាងសកម្ម និងមិនអាចកាត់ផ្តាច់បានពីស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន។ នេះគឺភាពជាដៃគូ ដែលមិនអាចខ្វះបានរវាងរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័ន សារព័ត៌មាន៕
ដោយ៖ពលជ័យ

ads banner