សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋកុំចាញ់បោក ឬជឿតាមការឃោសនាណាមួយតាមប្រព័ន្ធអនឡាញ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមកុំចាញ់បោក ឬជឿតាមការឃោសនា ឬ ការទាក់ទាញណាមួយតាមប្រព័ន្ធអនឡាញ ដែលបញ្ហានេះ សូម្បីតែប្រទេសមហាអំណាចជាច្រើនក៏កំពុងប្រឈមនឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញនេះដែរ។ ការអំពាវនាវរបស់សម្តេចធិបតី ក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លី នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។
ជាមួយគ្នានេះ សម្ដេចធិបតីសូមឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការបោកប្រាស់តាមប្រព័ន្ធអនឡាញ។ រាជរដ្ឋាភិបាលនឹងរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមក្រសួងមន្ទីរឲ្យបានច្បាស់លាស់ដើម្បីងាយស្រួលការពារទិន្នន័យជៀសវាងការបំផ្លាញពីចោរផ្នែកបច្ចេកវិទ្យា។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលក៏បានដាស់តឿនដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្តខ្ពស់បន្ថែមទៀតចំពោះជនខិលខូចមួយចំនួន ដែលដើរបោកប្រាស់គេតាមប្រព័ន្ធអនឡាញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យក្រសួងមហាផ្ទៃ និងនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាត្រូវពិនិត្យ និងទប់ស្កាត់រាល់បទល្មើសតាមប្រព័ន្ធអនឡាញបន្ថែមទៀត ខណៈករណី នេះបានកំពុងកើតឡើងគួឲ្យព្រួយបារម្ភនៅក្នុងតំបន់ និងសកលនោះ៕
ដោយ៖ពលជ័យ