ដីជាទ្រព្យសំខាន់សម្រាប់យើងទាំងអស់គ្នា ហើយដីក៏ជាទ្រព្យសម្បត្តិសម្រាប់ការប្រើប្រាស់ និងច្នៃទៅប្រើប្រាស់តាមសេចក្តីត្រូវការ និងផែនការជីវិត
(កំពង់ចាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី ”ប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ក្នុងខេត្តកំពង់ចាម” នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ថា ជាប្រវត្តិសាស្ត្រក្នុងរយៈពេល ៥០០ឆ្នាំ ដែលយើងមានការឯកភាពជាតិ, មានរាជរដ្ឋាភិបាលតែមួយ និងសន្តិភាពពេញផ្ទៃប្រទេស ដែលបង្កលក្ខណៈឱ្យយើងអាចវាស់វែងដីទាំងអស់នៅទូទាំងប្រទេស, ចុះបញ្ជីស្តង់ដាតែមួយ ហើយទទួលបានកម្មសិទ្ធិពេញលេញ។ ដូចនេះហើយ ដីគឺជាទ្រព្យសំខាន់សម្រាប់យើងទាំងអស់គ្នា, មិនត្រឹមតែសម្រាប់ជាមូលដ្ឋានរស់នៅ តែក៏ជាមូលដ្ឋានសម្រាប់ការដាំដុះចិញ្ចឹមជីវិត មិនត្រឹមតែប៉ុណ្ណឹង ដីក៏ជាទ្រព្យសម្បត្តិសម្រាប់ការប្រើប្រាស់ និងច្នៃទៅប្រើប្រាស់តាមសេចក្តីត្រូវការ និងផែនការជីវិតផងដែរ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា កន្លងទៅយើងធ្លាប់ប្រកាសខេត្តដែលអស់មីន តែបច្ចុប្បន្នយើងបានចុះមកប្រកាសខេត្តដែលបានប្រកាសបញ្ចប់ការវាស់វែងដីជាប្រព័ន្ធ, ធានាដល់ការផ្តល់កម្មសិទ្ធិជូនប្រជាជនយូរអង្វែង, ជាផលសម្រាប់ប្រជាជន ក្រោមផ្លែផ្កានៃសុខសន្តិភាព ហើយនេះជាការបើកទំព័រថ្មីមួយក្នុងការចុះបញ្ជីដីធ្លី, ក្នុងការបញ្ចប់ការចុះវាស់វែងជាប្រព័ន្ធបានគ្រប់ក្បាលដីនៅទូទាំងខេត្តកំពង់ចាម ដើម្បីឈានទៅដល់ការរៀបចំឱ្យបានត្រឹមត្រូវ។
ជាមួយនឹងសមិទ្ធផលដ៏ធំធេងនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អ្នកស្រុកស្ទឹងត្រង់, ស្រុកក្រូចឆ្មារ និងអ្នកកំពង់ចាមទាំងអស់ ដែលបានផ្តល់ការគាំទ្រ គោរពស្រលាញ់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំ និងបម្រើប្រជាជន និងផ្តល់ផលឱ្យកាន់តែច្រើនគ្រប់ទីកន្លែងទាំងអស់ ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា អ្វីដែលយើងឆ្លងកាត់ គឺឆ្លងកាត់ពីការលំបាក, ឆ្លងកាត់ពីការបែងបាក់ រហូតមកដល់ការរស់រានមានជីវិត, មានការបែងចែកផលនៃសន្តិភាព និងពេលនេះជាសក្ខីភាពនៃការទទួលផលពិតប្រាកដ និង យូរអង្វែង សម្រាប់ការកាន់កាប់ដីធ្លីជាកម្មសិទ្ធិរឹងមាំ ក្នុងការអភិវឌ្ឍ និងទទួលបានមនុញ្ញផល។ ឈរលើបទពិសោធន៍នេះ ទើបរាជរដ្ឋាភិបាល បានចាត់ទុកការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាអាទិភាព ដោយចាត់ទុកថាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គឺជាការតភ្ជាប់ទាំងមនុស្ស, សេដ្ឋកិច្ច និងបម្រើការរីកចម្រើនដល់មូលដ្ឋាន និងសង្គមជាតិទាំងមូល ។
សម្ដេចបន្តថា ព្រមជាមួយគ្នានេះដែរ, ក្រោយពីមានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខណៈ, អ្វីដែលជាកត្តាយកចិត្តទុកដាក់ គឺការផ្តល់ដី, ការបែងចែកដីជូនប្រជាជន ហើយដើម្បីឱ្យដីមានផលប្រយោជន៍ គឺតម្រូវឱ្យមានបណ្ណកម្មសិទ្ធិច្បាស់លាស់, មានភាពរឹងមាំក្នុងការគ្រប់គ្រង និងកាន់កាប់ដីធ្លី ពិសេសឈានទៅលុបបំបាត់នូវរាល់ទំនាស់ដីធ្លី ជាមួយនឹងការរៀបចំផែនការអភិវឌ្ឍផងដែរ ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងអំពីពាក្យ “ផ្ការីកនៃសន្តិភាព” ផ្ការីកដែលទទួលបានដោយនយោបាយឈ្នះ-ឈ្នះ, ផ្ការីកដើម្បីផ្តល់ភាពញញឹម, ការស្រលាញ់គ្នា, ការថែរក្សាគ្នា, ការថែរក្សាសន្តិភាព និងការទទួលផលនៃសុខសន្តិភាពទាំងអស់គ្នា ហើយយន្តការផ្ការីកក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ ដោយផ្ការីកជាមួយរាជរដ្ឋាភិបាល គឺស្រស់បំព្រងជាមួយគ្នា។
សម្ដេចធិបតី បន្ថែមថា ដូចនេះថ្ងៃនេះ, សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមរាំវង់សន្តិភាពផ្ការីក, កែប្រែដីដែលធ្លាប់តែស្រពោន, ពោរពេញទៅដោយមីន និងគ្រាប់មិនទាន់ផ្ទុះ អាចទទួលបានការសម្អាតឱ្យមានសុវត្ថិភាព និងបណ្ណកម្មសិទ្ធិ ដែលបងប្អូនប្រជាពលរដ្ឋអាចដាំដុះ និងបំពេញសេចក្តីត្រូវការក្នុងការស់នៅ ប្រកបដោយសេចក្តីសុខសាន្ត ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ