នាយករដ្ឋមន្ត្រីថៃស្ថិតក្នុងចំណោមស្ត្រីមានឥទ្ធិពលបំផុតរបស់ទស្សនាវដ្ដី Forbes
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានជាប់ចំណាត់ថ្នាក់ទី ២៩ ក្នុងបញ្ជីទស្សនាវដ្តីអាមេរិក Forbes ឆ្នាំ២០២៤ ជាស្ត្រីដែលមានឥទ្ធិពលបំផុតទាំង ១០០ របស់ពិភពលោក នេះបើតាមកាសែត VNepxress។
បើតាមប្រភពបានឲ្យដឹងថា ទស្សនាវដ្តី Forbes ដែលជាការបោះពុម្ពផ្សាយពាណិជ្ជកម្ម និងហិរញ្ញវត្ថុឈានមុខគេក៏បានផ្តល់ចំណាត់ថ្នាក់ដល់លោកស្រីថា ជាស្ត្រីមានឥទ្ធិពលបំផុតទីបី នៅអាស៊ី ផងដែរ។ ការទទួលស្គាល់នេះ បង្ហាញពីការរួមចំណែករបស់លោកស្រី ក្នុងនាមនាយករដ្ឋមន្ត្រីជាស្ត្រីក្មេងបំផុតរបស់ប្រទេសថៃ និងការយកចិត្តទុកដាក់ របស់លោកស្រី ក្នុងការដោះស្រាយបញ្ហាប្រឈមថ្នាក់ជាតិ ចាប់តាំងពីចូលកាន់តំណែង។
រដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រី លោកស្រី Jiraporn Sinthuprai បានសរសើរពីសមិទ្ធិផលរបស់លោកស្រី Paetongtarn ដោយលើកឡើងពីការដឹកនាំប្រកបដោយលទ្ធផល របស់លោកស្រី ក្នុងអំឡុងពេលទឹកជំនន់រីករាលដាលនៅតាមបណ្តាខេត្តនានា និងការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះឧបទ្ទវហេតុ ភ្លើងឆេះរថយន្តសាលា ដ៏សោកនាដកម្ម។
រដ្ឋបាលរបស់លោកស្រី បានដាក់ចេញនូវគោលនយោបាយដែលមានឥទ្ធិពល រួមមាន ការព្យួរបំណុល រយៈពេល ៣ ឆ្នាំសម្រាប់កសិករ, ការចូលប្រទេស ដោយគ្មានទិដ្ឋាការ ដើម្បីជំរុញទេសចរណ៍ និងកម្មវិធីស្តារសេដ្ឋកិច្ច ផ្តល់ប្រាក់ ១ម៉ឺនបាត ជាដើម។ ជោគជ័យបន្ថែមទៀត រួមមានទាំង ការអនុម័តច្បាប់សមភាពអាពាហ៍ពិពាហ៍, ពង្រីកការធានារ៉ាប់រងសុខភាពជាសកល និងការខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាសហគមន៍ជនជាតិភាគតិច។ ក្រៅពីនេះ គំនិតផ្តួចផ្តើម ដូចជា ការចាក់វ៉ាក់សាំងបង្ការ ការឆ្លងមេរោគផ្លូវភេទទូទៅ HPV ដោយឥតគិតថ្លៃ ជាដើម បង្ហាញពីការប្តេជ្ញាចិត្តរបស់លោកស្រី ចំពោះសុខភាពសាធារណៈ និងសមភាពយេនឌ័រ នេះបើតាម VNepxress ដដែល៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត