ទ័ពជើងទឹកស្រីលង្កាសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ១០០នាក់
បរទេស ៖ កងទ័ពជើងទឹកនៃប្រទេស ស្រីលង្កា បាននិយាយ កាលពីថ្ងៃសុក្រថា ខ្លួនបានជួយសង្គ្រោះ ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ចំនួន ១០២នាក់ ដែលធ្វើដំណើរផ្សងព្រេង ពីប្រទេសមីយ៉ាន់ម៉ា ជាប្រទេសដែលកំពុងហែកហួរដោយសង្រ្គាម។
ទាហានបាននិយាយថា ពួកគេត្រូវបានសង្គ្រោះចេញពីតំបន់នេសាទ នៃប្រទេសប្រទេសជាកោះ ស្ថិតមហាសមុទ្រឥណ្ឌាមួយនេះ ហើយបាននាំពួកគេ ទៅកាន់កំពង់ផែ ដោយសុវត្ថិភាព។
អ្នកនាំពាក្យកងទ័ពជើងទឹកបាននិយាយថា ក្រុមនេះ រួមមានទាំង កុមារចំនួន ២៥ នាក់ ត្រូវបាននាំទៅកាន់កំពង់ផែ Trincomalee ភាគខាងកើត របស់ប្រទេសស្រីលង្កា ។ ប្រភពបានបន្ថែមទៀតថា អាហារ និងទឹក ត្រូវបានផ្តល់ជូន ហើយ ការត្រួតពិនិត្យវេជ្ជសាស្រ្ត ក៏ត្រូវធ្វើឡើង ផងដែរ។
ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ភាគច្រើន ត្រូវបានបៀតបៀនយ៉ាងខ្លាំង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយពួកគេរាប់ពាន់នាក់ តែងតែប្រថុយជីវិត ជារៀងរាល់ឆ្នាំ ក្នុងការធ្វើដំណើរ ឆ្លងកាត់តាមសមុទ្រដ៏វែង ដែលភាគច្រើន ធ្វើដំណើរទៅតំបន់ភាគអាគ្នេយ៍ ពោលគឺឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ឬ ឥណ្ឌូនេស៊ី។
សម្រាប់ទូកចុងក្រោយនេះ ត្រូវបានអ្នកនេសាទបាន ប្រទះឃើញរសាត់អណ្ដែត នៅឆ្នេរភាគខាងជើង ប្រទេសស្រីលង្កា នៅពេលព្រលឹមថ្ងៃព្រហស្បតិ៍។ កងទ័ពជើងទឹកស្រីលង្កាក៏ធ្លាប់បានជួយសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១០០នាក់ ចេញពីទូកជាប់គាំងមួយគ្រឿង កាលពីខែធ្នូ ឆ្នាំ២០២២ ផងដែរ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត