ប្រតិភូវិស័យពាណិជ្ជខេត្តបន្ទាយមានជ័យ ទៅចូលរួមព្រឹត្តិការណ៍ពង្រឹងសក្តានុពលសេដ្ឋកិច្ចនិងការតភ្ជាប់របៀងសេដ្ឋកិច្ចតំបន់ភាគខាងកើតនៅប្រទេសថៃ
បន្ទាយមានជ័យ៖ប្រតិភូរដ្ឋបាលខេត្ត មន្ទីរពាពាណិជ្ជកម្មខេត្ត និងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យចំនួន១០រូបដឹកនាំដោយឧកញ៉ា អ៊ឹង វណ្ណម៉ៅ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានអញ្ជើញទៅចូលរួមព្រឹត្តិការណ៍ពង្រឹងសក្តានុពលសេដ្ឋកិច្ច និងការតភ្ជាប់របៀងសេដ្ឋកិច្ចតំបន់ភាគខាងកើត ឆ្ពោះទៅកាន់ពិភពលោកនៅខេត្តត្រាត ប្រទេសថៃពីថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០២៤ ។

កម្មវិធីនេះរៀបចំធ្វើឡើងនៅសណ្ឋាគារត្រាត ស៊ីធី(Trat City) ក្រោមកិច្ចសហការមន្ទីរពាណិជ្ជកម្មខេត្តត្រាត និងរដ្ឋបាលខេត្តត្រាត ។

អ្នករៀបចំកម្មវិធីបញ្ជាក់ថា តាមរយៈគម្រោងលើកកម្ពស់ផលិតផលស្តង់ដារតំបន់ភាគខាងកើត ដើម្បីបង្កើនឱកាសទីផ្សារឆ្ពោះទៅកាន់ទីផ្សារតាមព្រំដែន និងឆ្លងដែនសម្រាប់សារពើពន្ធប្រចាំឆ្នាំ២០២៥ ។

គួរជម្រាបថា ក្នុងព្រឹត្តិការណ៍នេះផងដែរ ក៏មានការចាប់ដៃគូពាណិជ្ជកម្ម រវាងសហគ្រិនភាពកម្ពុជាដែលអញ្ជើញទៅពីខេត្តចំនួន៥របស់កម្ពុជា គឺ ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងខេត្តកោះកុង៕
ដោយ៖ឃិន គន្ធា