នាយករដ្ឋមន្ត្រីម៉ាឡេស៊ីតែងតាំងលោកថាក់ស៊ីនជាទីប្រឹក្សា
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានតែងតាំងមហាសេដ្ឋី, អ្នកនយោបាយចាស់វស្សា និងជាអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាទីប្រឹក្សាផ្ទាល់របស់លោក សម្រាប់ពេលដែលលោកក្លាយជាប្រធានអាស៊ាន នៅឆ្នាំក្រោយ នេះបើតាមកាសែត VNexpress។
លោក អាន់វ៉ា បាននិយាយថា តួនាទីរបស់លោក ថាក់ស៊ីន ក្នុងអំឡុងពេលដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងស្ថិតក្នុងសមត្ថភាពក្រៅផ្លូវការមួយ រួមជាមួយនឹងទីប្រឹក្សា មកពីប្រទេសមួយចំនួន ទៀត ក្នុងចំណោមរដ្ឋសមាជិក ទាំង១០ របស់ប្លុកនេះ។
លោក Anwar បានធ្វើសេចក្តីប្រកាសបែបនេះ ក្នុងអំឡុងពេលមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី របស់នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីពៅ របស់លោកថាក់ស៊ីន និងជាសមាជិកទីបួននៃគ្រួសាររបស់ពួកគេ ដែលកាន់មុខតំណែងនយោបាយកំពូល របស់ប្រទេសថៃ។
លោក Anwar បាននិយាយអំពីលោក Thaksin ក្នុងអំឡុងសន្និសីទកាសែតរួម ជាមួយលោកស្រីPaetongtarn ថា «សូមអរគុណចំពោះការយល់ព្រមចំពោះរឿងនេះ ព្រោះយើងត្រូវការអត្ថប្រយោជន៍ កើតចេញពីបទពិសោធន៍ របស់រដ្ឋបុរស បែបនេះ»។
លោក ថាក់ស៊ីន អាយុ ៧៥ឆ្នាំ គឺជាឥស្សរជនដ៏ប៉ិនប្រសប់ លើនយោបាយថៃ ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ នេះបើតាមកាសែត VNexpress ដដែល៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត